បរទេស៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃទី១៨ ខែកញ្ញា បានសម្រេចបណ្តេញអនុរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន ៦ រូបចេញពីតំណែង បន្ទាប់ពីបានតែងតាំងរដ្ឋមន្ត្រីថ្មីកាលពីដើមខែនេះ។
យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញនោះមានលោកស្រី Hanna Maliar ជាមន្ត្រីម្នាក់ដែលផ្តល់ព័ត៌មានថ្មីៗជាប្រចាំអំពីស្ថានភាពជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងលោក Oleksii Reznikov ដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយជាច្រើនក្នុងអំឡុងពេលលោកកាន់តំណែង រួមជាមួយអនុរដ្ឋមន្ត្រីការពារជាតិចំនួន ៤ រូបទៀត។
ការផ្លាស់ប្តូរនេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីលោក Rustem Umerov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីជំនួសលោក Oleksii Reznikov។ លោក Umerov បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា ក្រសួងការពារជាតិនឹងបន្តដំណើរការជាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តបណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៦ រូបខាងលើនោះទេ។
យោងតាមប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីដើមខែនេះថា បច្ចុប្បន្នក្រសួងការពារជាតិអ៊ុយក្រែនត្រូវការ “វិធីសាស្រ្តថ្មី” ហើយលោក Zelensky ក៏រំពឹងដែរថារដ្ឋមន្ត្រីថ្មី Umerov នឹងបន្តកំណែទម្រង់ក្នុងវិស័យការពារជាតិ ក្នុងបរិបទនៃយុទ្ធនាការវាយលុករបស់ទីក្រុងគៀវ ដែលកំពុងដំណើរការអស់រយៈពេល ៣ ខែកន្លងទៅនេះ។ រដ្ឋមន្ត្រី Umerov បាននិយាយថា គាត់នឹងធ្វើឱ្យក្រសួងក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់ការសម្របសម្រួលកងកម្លាំងការពារ ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕
ប្រភព៖cafef.com