សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានប្រទេសទួរគីចុះផ្សាយថា ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan កំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ ។ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមក មានអ្នកប្រទះឃើញប្រធានាធិបតីប្រទេសទួរគី លោក Erdogan ជជែកជាមួយលោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla នៅអគារ Turkish House ដែលអគារនេះនៅជិតការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។
សារព័ត៌មានប្រទេសទួរគីបញ្ជាក់ថា ប្រធានាធិបតីប្រទេសទួរគី លោក Erdogan បានព្យាយាមអញ្ជើញឱ្យលោក Elon Musk សាងសង់រោងចក្រផលិតរថយន្ត Tesla នៅប្រទេសទួរគី ។ ប្រធានាធិបតីប្រទេសទួរគីអះអាងថា កាលពីខែឧសភា ឆ្នាំ២០២៣ លោក Elon Musk ធ្លាប់ប្រកាសថា ក្រុមហ៊ុន Tesla កំពុងស្វែងរកទីតាំងសាងសង់រោងចក្រថ្មីនៅចុងឆ្នាំ២០២៣ ។
បច្ចុប្បន្ន ក្រុមហ៊ុន Tesla មានរោងចក្រចំនួន៦កន្លែង ហើយក្រុមហ៊ុននេះនឹងសាងសង់រោងចក្រទី៧ នៅរដ្ឋ Nuevo León ដែលស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ។ កាលពីខែសីហា ឆ្នាំ២០២៣ លោក Elon Musk បានបង្ហាញការចាប់អារម្មណ៍សាងសង់រោងចក្រនៅប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនីមានតម្លៃធូរថ្លៃ ។ ហេតុនេះ ការប្រកាសសាងសង់រោងចក្ររបស់លោក Elon Musk គឺជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla ៕ ប្រភព ៖ beartaiBRIEF










