ប្រទេសចិន ៖ អវកាសយានិកនៅលើយានអវកាស Shenzhou-16 របស់ប្រទេសចិនបានទទួលជោគជ័យក្នុងការដាំបន្លែ និងអាចបេះបន្លែនៅស្ថានីយអវកាស Tiangong ទៀតផង ។ សួនបន្លែអវកាស ឬឧបករណ៍ដាំបន្លែ ដែលពួកគេប្រើប្រាស់ធ្វើជាគំរូសាមញ្ញ និងបើកចំហនេះ គឺបង្កើតឡើងដោយអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលអវកាសយានិកចិន ។

សួនបន្លែអវកាស ឬឧបករណ៍ដាំបន្លែងាយស្រួលប្រើប្រាស់ ដោយគេអាចផ្លាស់ប្តូរកម្រិតសីតុណ្ហភាព, សំណើម, អុកស៊ីសែន និងកាបូនឌីអុកស៊ីតបានតាមតម្រូវការ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការលូតលាស់របស់រុក្ខជាតិ ។ ក្រៅពីនេះ វាបានជួយឱ្យអវកាសយានិកអាចថែទាំដំណាំបានគ្រប់ពេលវេលាផងដែរ ។

អវកាសយានិកនៅលើយានអវកាស Shenzhou-16 បានចាប់ផ្តើមបង្កើតសួនបន្លែ និងដាក់បញ្ច្រាសនៅក្នុងស្ថានីយអវកាស ហើយដំណាំដែលដុះលូតលាស់នៅក្នុងសួនបន្លែនេះ ត្រូវបានគេស្រោចទឹកក្នុងទិសដៅផ្ទុយគ្នាពីផែនដី ។ ដូច្នេះ វាមានលក្ខណៈពិសេសខ្លាំងណាស់ ។

នៅថ្ងៃអនាគត សួនបន្លែអវកាសមិនត្រឹមតែផ្តល់អាហារ, អុកស៊ីសែន និងទឹកសម្រាប់អវកាសយានិកប៉ុណ្ណោះទេ ប៉ុន្តែវានឹងបំពេញតួនាទីជាកន្លែងសាកល្បងដើម្បីស្រាវជ្រាវពីផលប៉ះពាល់របស់បរិស្ថានពិសេស ដូចជា ភាពគ្មានទម្ងន់នៅក្នុងលំហ ដែលប៉ះពាល់ដល់ការលូតលាស់របស់រុក្ខជាតិ ។Shenzhou-16 Mission - GKToday

ប្រទេសចិនបានបង្ហោះយានអវកាស Shenzhou-16 កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ និងបានបញ្ជូនអវកាសយានិកចំនួន៣នាក់ទៅកាន់ស្ថានីយអវកាស Tiangong ដើម្បីបំពេញភារកិច្ចរយៈពេល៥ខែ ។ វាជាបេសកកម្មដំបូងរបស់ក្រុមអវកាសយានិក ចាប់តាំងពីស្ថានីយអវកាសចូលដល់ដំណាក់កាលប្រើប្រាស់ និងអភិវឌ្ឍន៍ ៕ ប្រភព ៖ TNN World