នាថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) បានចុះរមណីយដ្ឋានប្រាសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

យោងតាមគេហទំព័រហ្វេកប៊ុករបស់អង្គការយូណេស្កូបានបង្ហោះថា៖”អបអរសាទរប្រទេសកម្ពុជាដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ៖ រមណីយដ្ឋានបុរាណវិទ្យាលិង្គបុរៈឬឆោកគគីរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!។ អង្គការយូណេស្កូទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរនិងតម្លៃជាសកលដ៏លេចធ្លោរបស់ខ្លួនដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរនិងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ”។

ប្រាសាទកោះកេរ ឬ ឆកគគីរ មានអាយុកាលជាង ១០០០ឆ្នាំមកហើយ។ តំបន់ប្រវិត្តសាស្រ្តមួយនេះ មានទីតាំងស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ៥០គីឡូម៉ែត្រពីទីរួមខេត្ត។

បច្ចុប្បន្នភ្ញៀវទេសចរអាចឡើងទៅកម្សាន្តនៅលើកំពូលប្រាសាទ ដើម្បីគយគន់វាលស្រែ និងភូមិឋានប្រជាពលរដ្ឋ ព្រមទាំងទេសភាពធម្មជាតិនៅជុំវិញតំបន់កោះកេរយ៉ាងស្រស់ត្រកាល។

រមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្តកោះកេរនេះ ជាទីប្រមូលផ្តុំនៃប្រាសាទចំនួន ១២៧ ក៏ប៉ុន្តែបច្ចុប្បន្នប្រាសាទដែលមានតួឈរនៅ មានត្រឹមតែ៥៤តែប៉ុណ្ណោះ។ សំណង់ប្រាសាទទាំងអស់នេះ ជាស្នាមព្រះហស្ថរបស់ព្រះបាទជ័យវរ័្មនទី៤ នៅក្នុងចន្លោះឆ្នាំ ៩២៨ និង ៩៤២ នៃគ្រឹះស្តសករាជ៕កម្ពុជាកំពុងរៀបចំឯកសារស្នើដាក់បញ្ចូល «ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក - Baykdang