្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក Phoempoon Chidchob រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ បានធ្វើជាប្រធានកិច្ចប្រជុំពាក់ព័ន្ធនឹងគោលនយោបាយអប់រំ និងគោលការណ៍ណែនាំ «រៀនសូត្របានល្អ និងមានសេចក្តីសុខ» ។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធ Video Conference ជាមួយប្រធានការិយាល័យអប់រំប្រចាំតំបន់, មន្ត្រីអប់រំខេត្ត និងនាយកសាលា ដើម្បីស្តាប់ពីគោលនយោបាយរួមគ្នានៅទូទាំងប្រទេសថៃ ។
ក្នុងកិច្ចប្រជុំនេះ លោក Phoempoon Chidchob រដ្ឋមន្ត្រីក្រសួងអប់រំថៃលើកឡើងថា ក្រសួងអប់រំមានគោលនយោបាយសម្រាលបន្ទុកដល់កូនសិស្ស និងអាណាព្យាបាល ដោយមានគោលបំណងឱ្យកូនសិស្សថៃអាចរៀនសូត្រនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនមិនគិតថ្លៃ និងមានការងារធ្វើ ។ ប្រទេសថៃនឹងមានប្រព័ន្ធការសិក្សាជារួមមួយ គឺកូនសិស្សមិនចាំបាច់ចំណាយថ្លៃការសិក្សាទេ ដើម្បីកាត់បន្ថយវិសមភាពផ្នែកអប់រំ ។
លោក Phoempoon Chidchob បន្តថា ប្រទេសថៃនឹងមានគោលនយោបាយផ្តល់សម្ភារៈសម្រាប់រៀនសូត្រដល់កូនសិស្ស គឺកូនសិស្សម្នាក់នឹងទទួលបាន Tablet ១គ្រឿង ។ បច្ចុប្បន្ន កូនសិស្សមានឱកាស ពួកគេនឹងមានសម្ភារៈទំនើបៗសម្រាប់រៀនសូត្រ ប៉ុន្តែកូនសិស្សមួយចំនួនទៀតគ្មានសម្ភារៈទំនើបប្រើប្រាស់ទេ ។ ដូច្នេះ លោករដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា ដើម្បីឱ្យមានសមភាពផ្នែកអប់រំ គឺក្រសួងត្រូវតែស្វែងរក Tablet មកចែកឱ្យកូនសិស្សឱ្យបានគ្រប់គ្នា ។ ចំណែកការចែកចាយនោះ នឹងត្រូវធ្វើការសិក្សា និងមើលថវិកាផងដែរ ដោយក្រសួងអប់រំនឹងអាចទិញ, ខ្ចី ឬជួល Tablet ដើម្បីសម្រេចគោលដៅផ្តល់ Tablet ឱ្យបានដល់ដៃសិស្សទាំងអស់នៅទូទាំងប្រទេស ។
គោលនយោបាយនេះនឹងអនុវត្តផ្អែកលើមូលដ្ឋានផ្សព្វផ្សាយការអប់រំជាប្រព័ន្ធ ដើម្បីឱ្យកូនសិស្សនៅទូទាំងប្រទេសថៃអាចរៀនសូត្របានគ្រប់ពេលវេលា នៅពេលពួកគេមាន Tablet ប្រើប្រាស់ ហើយក្រសួងអប់រំនឹងផ្តោតលើការសិក្សាជារួមរបស់សិស្ស ៕ ប្រភព ៖ beartai










