បរទេស៖ យោងតាម Sammobile បានឱ្យដឹងថា Samsung ទំនងជានឹងផ្តល់នូវមុខងារតាមដានសុខភាព និងកាយសម្បទាតាមរយៈ Samsung Health ដែលស្រដៀងទៅនឹង Galaxy Watch លើកលែងតែវាមានទំហំតូចជាង និងមិនមានលក្ខណៈសម្បូរបែបដូចឧបករណ៍ពាក់នៅកដៃ។
ដោយផ្អែកលើប៉ាតង់ និងពាក្យស្នើសុំពាណិជ្ជសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា គ្រោងនឹងពង្រីកបន្ថែមទៀតនូវ Smart Ring ក្នុងរយៈពេលវែង ដែលអាចពាក់បាននៅក្នុងម្រាមដៃអ្នកប្រើប្រាស់។
ដូច្នោះហើយ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន Samsung ហាក់ដូចជាបានពន្លឿនគម្រោង ‘ចិញ្ចៀនឆ្លាតវៃ’ ដោយមានព័ត៌មានជាច្រើនបង្ហាញថា ឧបករណ៍មួយដែលមានឈ្មោះថា Galaxy Ring កំពុងត្រូវបានបង្កើតពិតប្រាកដមែន។
យោងតាមព័ត៌មានថ្មីពី @UniverseIce ដែលជាប្រភពឯកទេសក្នុងការបង្ហាញព័ត៌មានត្រឹមត្រូវអំពីផលិតផលដែលមិនទាន់ចេញលក់របស់ Samsung នៅលើបណ្តាញសង្គម Weibo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េត្រូវបានគេរំពឹងថានឹងប្រកាសចិញ្ចៀនឆ្លាតវៃរួមជាមួយស៊េរី Galaxy S24 នៅឆ្នាំក្រោយ។
ស៊េរី Galaxy S24 ត្រូវបានគេរំពឹងថានឹងប្រកាសដោយក្រុមហ៊ុន Samsung នៅខែមករា ឆ្នាំ ២០២៤ ដែលមានន័យថា ចិញ្ចៀនឆ្លាតវៃដំបូងរបស់ក្រុមហ៊ុនក៏នឹងអាចប្រកាសនៅថ្ងៃតែមួយផងដែរ។ យោងតាម @UniverseIce ឧបករណ៍ដែលអាចពាក់បានថ្មីនេះពីក្រុមហ៊ុន Samsung អាចទាក់ទាញការចាប់អារម្មណ៍ជាងស្មាតហ្វូនស៊េរី S24 ទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីមុនបាននិយាយថា ឧបករណ៍ពាក់នៅម្រាមដៃនឹងមានសមត្ថភាពត្រួតពិនិត្យសុខភាពដែលបើកដោយឧបករណ៍ចាប់សញ្ញា PPG (Photoplethysmography) ហើយនឹងផ្តល់នូវសមត្ថភាព ECG (Electrocardiogram) ស្រដៀងទៅនឹង Galaxy Watch ។ ជាក់ស្តែង របាយការណ៍មួយចំនួនទៀតក៏បាននិយាយថា Galaxy Ring អាចនឹងត្រួតពិនិត្យសុខភាពរបស់អ្នកប្រើប្រាស់បានត្រឹមត្រូវជាងនាឡិកាឆ្លាតវៃ Samsung ធម្មតាទៅទៀត៕
ប្រភព៖cafef.com










