ភាគហ៊ុនរបស់ក្រុមហ៊ុន YG Entertainment ដែលគ្រប់គ្រងកំពូលតារា K-pop BLACKPINK បានធ្លាក់ចុះ ៩% នៅថ្ងៃសុក្រ ទី១៥ កញ្ញា នៅទីក្រុងសេអ៊ូល ចំពេលមានពាក្យចចាមអារ៉ាមពេញបណ្តាញអ៊ីធឺណិត Lisa Manoban បានច្រានចោលសំណើរលើកទី២លើកិច្ចសន្យាដែលដាក់ទៅនាងមានតម្លៃ ៥០ពាន់លានវ៉ុនប្រមាណ ៣៧.៦ លានដុល្លារ។
ពាក្យចចាមអារ៉ាមបានផ្ទុះឡើងអស់រយៈពេល ២ ខែកន្លងមកដែលថា YG កំពុងព្យាយាមពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយគ្រាប់ពេជ្ររបស់ខ្លួន។ កិច្ចសន្យាផ្តាច់មុខរវាងសិល្បករ និងទីភ្នាក់ងារនៅក្នុងប្រទេសកូរ៉េជាធម្មតាមានរយៈពេលមិនលើសពី៧ឆ្នាំឡើយ។
ទោះយ៉ាងណា ទាក់ទងនឹងពាក្យចចាមអារ៉ាមកិច្ចសន្យាក្នុងសំណើរជិត៤០លានដុល្លារនេះក្រុមហ៊ុន YG បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ កញ្ញា ដោយនិយាយថា “យើងកំពុងពិភាក្សាអំពីការបន្តកិច្ចសន្យាជាមួយ Lisa ។ ពាក្យចចាមអារ៉ាមដែលកំពុងកើតឡើងគឺមិនមានអ្វីបញ្ជាក់នោះទេ»។
បើតាមការចុះផ្សាតតារា K-pop កំពូលៗ ត្រូវបានគេរាយការណ៍ថា រកបានប្រហែល១លានដុល្លារក្នុងមួយឆ្នាំ ក្នុងប្រាក់ខែគោល ក្រោមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយភ្នាក់ងាររបស់ពួកគេ។
គួរបញ្ជាក់ថា Lisa អាយុ ២៦ ឆ្នាំ ដែលជាជនជាតិថៃត្រូវបានគេនិយាយថានាងមានទ្រព្យសម្បត្តិប្រហែល២៥ លានដុល្លារ៕










