បរទេស៖ យោងតាមអង្គការអឌ្ឍចន្ទក្រហមរបស់ប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃទី ១៤ ខែកញ្ញាថាមនុស្ស ១១,៣០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះដែលក្នុងនោះសាកសពជិត ២,០០០ ត្រូវបានជន់លិចទៅសមុទ្រដោយទឹកជំនន់។ មន្ត្រីទីក្រុង Derna ជឿថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងរហូតដល់ ២០,០០០នាក់។
បច្ចុប្បន្ន ទឹកជំនន់ដោយសារឥទ្ធិពលនៃព្យុះ Daniel មានកម្ពស់រហូតដល់ ៧ម៉ែត្រ ហើយបានបោកបក់កាត់ទីក្រុងមាត់សមុទ្រប្រទេសលីប៊ី បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងររហូតត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីសង្គ្រោះ។ លោក Yann Fridez ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅក្នុងប្រទេសលីប៊ី បាននិយាយថា “គ្រោះមហន្តរាយនេះគឺគួរឱ្យភ័យខ្លាចបំផុត មនុស្សជាច្រើននៅតែបាត់ខ្លួន សាកសពជាច្រើនបានបោកបក់លើច្រាំង ហើយផ្ទះត្រូវបានបំផ្លាញ” ។
នាយករដ្ឋមន្ត្រី Abdul Hamid Dbeibah នៃរដ្ឋាភិបាលក្នុងរដ្ឋធានី Tripoli បានធ្វើការអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើការបាក់ទំនប់ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៤ ខែកញ្ញា។
ក្រុមជួយសង្គ្រោះមកពីប្រទេសអេហ្ស៊ីប អ៊ីតាលី ទុយនីស៊ី អារ៉ាប់រួម ទួរគី និងកាតា បានទៅដល់ប្រទេសលីប៊ីហើយ។ ដោយប្រទេសទួរគីបានបញ្ជូនកប៉ាល់ដឹកឧបករណ៍ ដើម្បីបង្កើតមន្ទីរពេទ្យវាលចំនួនពីរ រីឯប្រទេសអ៊ីតាលីវិញបានបញ្ជូនយន្តហោះចំនួនបីគ្រឿងសម្រាប់ការផ្គត់ផ្គង់ និងនាវាកងទ័ពជើងទឹកពីរគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់មានការពិបាកក្នុងការផ្ទុកទំនិញរបស់ពួកគេ ដោយសារតែកំពង់ផែ Derna ស្ទើរតែមិនអាចប្រើប្រាស់បាន។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងបែងចែកថវិកាចំនួនពីរលានដុល្លារពីមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រជនរងគ្រោះ ដោយហៅទឹកជំនន់លីប៊ីថាជា “គ្រោះមហន្តរាយទ្រង់ទ្រាយធំ”៕
ប្រភព៖vnexpress










