ប្រទេសថៃ ៖ ប្រទេសថៃបានតាមដានស្ថានការណ៍ជំងឺគ្រុនឈាមនៅឆ្នាំ២០២៣ យ៉ាងដិតដល់ ព្រោះចំនួនអ្នកជំងឺគ្រុនឈាមបានកើនឡើងច្រើនជាងឆ្នាំ២០២២ ជាពិសេស នៅខេត្តភាគឦសានចំនួន៤ ។ គេសង្កេតឃើញថា រយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ មានអ្នកកើតជំងឺនេះរហូតដល់ជាង៤.០០០នាក់ ។ ចំណែកនៅខេត្តនគររាជសីម៉ា មានអ្នកជំងឺគ្រុនឈាមច្រើនជាងឆ្នាំមុន រហូតដល់៥ដង ។
អាជ្ញាធរនៅស្រុកផិម៉ាយ ខេត្តនគររាជសីម៉ា បានបាញ់ផ្សែងកម្ចាត់មូសនៅតាមសាលារៀន ព្រមទាំងប្រកាសឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់ដោយសារជំងឺគ្រុនឈាម ។ លើសពីនេះ អាជ្ញាធរក៏បានផ្តល់ចំណេះដឹងអំពីការបំផ្លាញកន្លែងប្រភពមូសនៅតាមលំនៅឋាន ក៏ដូចជាផ្តល់ថ្នាំអាបេតកម្ចាត់ដង្កូវមូស ក្រោយពីប្រទះឃើញអ្នកជំងឺគ្រុនឈាមកើនឡើងនៅខេត្តនេះ ។
លោកវេជ្ជបណ្ឌិត Thaweechai Wisanuyothin ប្រធានការិយាល័យបង្ការ និងទប់ស្កាត់ជំងឺប្រចាំខេត្តនគររាជសីម៉ា លើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជំងឺគ្រុនឈាមចំនួន៦.៣៤៩នាក់ និងមានអ្នកស្លា.ប់៤នាក់ ។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ឃើញថា ចំនួនអ្នកកើតជំងឺគ្រុនឈាមបានកើនឡើងខ្លាំងជាងឆ្នាំ២០២២ ។ ចំណែកចាប់ពីថ្ងៃទី៩ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស គឺមានអ្នកជំងឺរហូតដល់៤.១៨១នាក់ ក្នុងនោះអ្នកជំងឺភាគច្រើនមានអាយុចាប់ពី១០ឆ្នាំ ដល់១៤ឆ្នាំ ។
ចំនួនអ្នកជំងឺគ្រុនឈាមកើនឡើងខ្ពស់បំផុត គឺចាប់ពីថ្ងៃទី៩ ខែកក្កដា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តចំនួន៤ រួមមាន ៖
១-ខេត្តសុរិន្ទ មានអ្នកជំងឺគ្រុនឈាមចំនួន ១.៤២៦នាក់ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ គឺស្មើត្រឹមតែ ២៧៤នាក់
២-ខេត្តនគររាជសីម៉ា មានអ្នកជំងឺគ្រុនឈាមចំនួន ១.៣០៤នាក់ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ គឺស្មើត្រឹមតែ ២៧១នាក់
៣-ខេត្តបុរីរាំ មានអ្នកជំងឺគ្រុនឈាមចំនួន ៧៥៧នាក់
៤-ខេត្តជ័យភូមិ មានអ្នកជំងឺគ្រុនឈាមចំនួន ៦៩៤នាក់ ។
ចំណែកស្ថានការណ៍ជំងឺគ្រុនឈាមនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ គឺមានអ្នកជំងឺគ្រុនឈាមរហូតដល់៨៧.១៦៣នាក់ និងអ្នកស្លា.ប់ចំនួន៧៣នាក់ ក្នុងនោះអ្នកកើតជំងឺគ្រុនឈាមច្រើនបំផុតមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំ ។
លោកវេជ្ជបណ្ឌិតថៃណែនាំថា ត្រូវតាមដានអ្នកជំងឺ ជាពិសេស ក្មេងតូចដែលរស់នៅមណ្ឌលអភិវឌ្ឍន៍កុមារ និងកូនសិស្សនៅតាមសាលារៀន ។ ប្រសិនបើរកឃើញអ្នកណាម្នាក់កើតជំងឺគ្រុនឈាម គឺត្រូវតាមដានមនុស្សនៅជុំវិញផងដែរ និងអនុវត្តតាមវិធានការគ្រប់គ្រងជំងឺ ។ លើសពីនេះ ត្រូវបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋបានយល់ដឹង ដើម្បីរួមគ្នាការពារជំងឺគ្រុនឈាមនៅផ្ទះរបស់ខ្លួន ។ ចំណែកសមាជិកគ្រួសារត្រូវជួយថែទាំគ្នា ដោយអនុវត្តតាមវិធានការណែនាំដូចជា រៀបចំផ្ទះឱ្យស្រឡះល្អ, កើបសំរាម និងបិទគម្របធុងទឹក ឬពាងទឹក ដើម្បីការពារប្រភពមូស ៕ ប្រភព ៖ Mono News










