រដ្ឋធានីជេរូហ្សាឡឹម៖ ស្របពេលស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កំពុងតែលើកកម្ដៅនោះ ប្រធានចារកម្មរបស់អ៊ីស្រាអែល បានចោទប្រកាន់ដល់ប្រទេសអ៊ីរ៉ង់ អំពីការប៉ុនប៉ងវាយប្រហារយ៉ាងរង្គាល មកលើប្រទេសរបស់ខ្លួន ហើយប្ដេជ្ញា ថា នឹងវាយប្រហារសងសឹក ដល់កណ្ដាលរដ្ឋធានីតេអ៊ីរ៉ង់ ។
សារព័ត៌មានរបស់លីបង់ Naharnet (ណាហាណែត) បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញា ថា ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានព្រមាន ថា អ៊ីស្រាអែល បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការវាយប្រហារ នៅកណ្តាលរដ្ឋធានីតេអ៊ីរ៉ង់ (Tehran) ដើម្បីជាការសងសឹកវិញ ប្រសិនបើការប៉ុនប៉ងរបស់អ៊ីរ៉ង់ វាយប្រហារមកលើគោលដៅនានា នៅលើទឹកដីរបស់អ៊ីស្រាអែល និង ជនជាតិជ្វីប នៅជុំវិញពិភពលោក។
ថ្លែងនៅក្នុងសន្និសិទសន្តិសុខមួយ លោក ដេវីដ បានៀ (David Barnea) ប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានបញ្ជាក់ ថា អ៊ីស្រាអែល និង សម្ពន្ធមិត្តរបស់ខ្លួន បានរារាំងដល់ការវាយប្រហារ ចំនួន២៧លើក កាលពីឆ្នាំមុន នៅទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ីអាគ្នេយ៍ និង អាមេរិកខាងត្បូង។
លោកប្រធានទីភ្នាក់ងារចារកម្មរបស់អ៊ីស្រាអែល បានថ្លែងប្រាប់ដល់សន្និសីទមួយ នៅក្នុងសាកលវិទ្យាល័យរេចម៉ែន (Reichman) ថា «ផែនការត្រូវតាមចាប់ បង្កឡើងដោយក្រុមទាំងនេះ បានរៀបចំធ្វើជាមេ និង ដឹកនាំដោយប្រទេសអ៊ីរ៉ង់។ វាដូចទៅនឹងអ្វីដែលយើងនិយាយ គឺអ៊ីរ៉ង់ កំពុងតែព្យាយាម វាយប្រហារបន្ថែមទៀត»។
ប្រធានទីភ្នាក់ងារចារកម្មអ៊ីស្រាអែល រូបនេះ បានសង្កត់ធ្ងន់ ថា «សាររបស់យើង មានកម្លាំងខ្លាំង និង ច្បាស់លាស់ ហើយបានកំណត់គោលដៅរួចអស់ហើយ។ ចូរកុំធ្វើឲ្យមានកំហុសអី អ្នកដែលបានសម្រេចចិត្ត បញ្ជូនក្រុមនោះមក។ ត្រូវតែប្រាកដ ថា ពួកយើងនឹងទៅដល់អ្នកវិញ ហើយយុត្តិធម៌ នឹងត្រូវតែធ្វើ សម្រាប់អ្នកវិញដែរ។ រឿងនេះ ត្រូវបានបង្ហាញឱ្យឃើញ កាលពីអតីតកាល ហើយទៅថ្ងៃពេលអនាគត យើងនឹងបន្តធ្វើទៅមុខទៀត ហើយវានឹងឡើងទៅកម្រិតបន្ទាប់»។
លោក ដេវីដ បានៀ បានបន្ដ ថា អ៊ីស្រាអែល នឹងតាមរកភ្នាក់ងារពាក់ព័ន្ធនឹងការគ្រោងទុក នេះ ព្រមទាំងមេបញ្ជាការ ដែលបានបញ្ជូនពួកគេមក។ តម្លៃទាំងនេះ នឹងត្រូវកំណត់យ៉ាងជ្រៅ នៅក្នុងទីក្រុងតេអ៊ីរ៉ង់ ជាបេះដូងរបស់អ៊ីរ៉ង់»។
អ៊ីស្រាអែល តែងតែចាត់ទុកប្រទេសអ៊ីរ៉ង់ ជាគូសត្រូវដ៏ធំបំផុតរបស់ខ្លួន ដោយលើកឡើង អំពីការអំពាវនាវរបស់អ៊ីរ៉ង់ ជំរុញឱ្យវាយប្រហារបំផ្លិចបំផ្លាញ មកលើអ៊ីស្រាអែល និងការគាំទ្ររបស់ក្រុងតេអ៊ីរ៉ង់ ចំពោះក្រុមសកម្មប្រយុទ្ធអរិភាព នៅតាមព្រំដែនរបស់អ៊ីស្រាអែល។ ជាមួយគ្នានេះ អ៊ីស្រាអែល បានចោទប្រកាន់ដល់ប្រទេសអ៊ីរ៉ង់ ថា ក្រុងតេអ៊ីរ៉ង់ កំពុងតែស្វះស្វែងផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានអ៊ីរ៉ង់ បដិសេធ។
ជាការតបតវិញនោះ អ៊ីរ៉ង់ បានចោទប្រកាន់ដល់ប្រទេសអ៊ីស្រាអែល អំពីវាយប្រហារយ៉ាងសាហាវជាច្រើនលើក ដោយបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និង ការវាយប្រហារបំផ្លាញរោងចក្រនានា នៅក្នុងប្រទេសអ៊ីរ៉ង់ បើទោះជាអ៊ីស្រាអែល កម្រនឹងធ្វើអត្ថាធិប្បាយទៅលើប្រតិបត្តិការបែបនេះ យ៉ាងណាក្ដី៕










