ប្រទេសថៃ ៖ បច្ចុប្បន្ន តម្លៃបង្គាបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយធ្វើឱ្យកសិករចិញ្ចឹមបង្គាទាំងអស់មានយោបល់ដូចគ្នាថា បញ្ហាបង្គាធ្លាក់ថ្លៃ ដោយសារគណៈកម្មការគ្រប់គ្រងសង្វាក់ផលិតកម្មបង្គាសមុទ្រ និងផលិតផលធ្វើពីបង្គា បានអនុញ្ញាតឱ្យឈ្មួញនាំចូលបង្គាពីប្រទេសអេក្វាទ័រ និងឥណ្ឌា រហូតដល់ចំនួន៣ម៉ឺនតោនកាលពីដើមឆ្នាំ២០២២ ទើបធ្វើឱ្យតម្លៃបង្គានៅប្រទេសថៃធ្លាក់ចុះ ។ កាលពីមុន បង្គាស្រស់នៅប្រទេសថៃ មានតម្លៃចាប់ពី១៨០បាត ទៅ២០០បាត ប៉ុន្តែវាបានធ្លាក់ថ្លៃមកនៅត្រឹមតែពី១១៥បាត ទៅ១៣០បាតប៉ុណ្ណោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Ox55aCkZQ89ssci_FuMp4Y21Klkwnim5zHW2hQ-AqC6D1KBm6nmxHfFrkwuD9qenpJ9qitV71sYfM6HiYP87WJf9C5Xt-C9R9FILlKT780YBi80TZHpYWZK4qT-zHHGJoiewa6RlFAN81OfGH33cDKbeth72VLZdk1329n86XsmTh4r6Uf1YmVHb89iu/s1024/2023-09-11%2019.09.35.jpgបណ្តាញអ្នកចិញ្ចឹមបង្គាថៃ ដែលបានប្រមូលផ្តុំកសិករចិញ្ចឹមបង្គាមកពីខេត្តភាគខាងត្បូងចំនួន៥ បានចេញមកអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថ្មីផ្តល់ភាពសំខាន់ និងលើកឡើងពីបញ្ហាបង្គាធ្វើជារបៀបវារៈប្រជុំថ្នាក់ជាតិ ។ លើសពីនេះ កសិករទាំងអស់ក៏បានសំណូមពរឱ្យនាយករដ្ឋមន្ត្រី លោក Settha Thaweesin ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សផងដែរ ។

កន្លងមក បង្គាថៃបានជួបនឹងបញ្ហាធ្ងន់ធ្ងរ ដោយសារការនាំចូលបង្គាពីក្រៅប្រទេស ។ វាជាកំហុសឆ្គង និងបង្កផលលំបាកដល់កសិករចិញ្ចឹមបង្គា ប៉ុន្តែភាគច្រើន វាផ្តល់ផលប្រយោជន៍ដល់បណ្តារោងចក្រកែច្នៃ ។ ក្រៅពីនេះ កសិករចិញ្ចឹមបង្គាបានចំណាយដើមទុនខ្ពស់ ហើយវាជាឧបសគ្គសំខាន់សម្រាប់គ្រប់វិស័យឧស្សាហកម្ម ខណៈការចិញ្ចឹមបង្គាកាន់តែពិបាកជាងមុន ដោយសារមានជំងឺរាតត្បាត និងគ្មានការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋាភិបាលទេ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsBI8SHYv8y84OIuR0MVwNApZevsCdYJwuE2IhklCbPPgnfg9rabgozl4lPHUKKtN4rTZXGNLX12OVidfqkPjqOjO4r0RrgTMwBhEM9cGQ96q_5yx7NGgzLF6LvrJn37SAwuoJG-LQ6fRfJAPtHldWkheLYKAWJeyzgT6tEDGBsXcH1Ew8Ml_MZSXY08D/s1200/2023-09-11%2019.09.28.jpgហេតុនេះ បណ្តាញអ្នកចិញ្ចឹមបង្គាថៃបានស្នើឱ្យបញ្ឈប់ការនាំចូលបង្គាជាបន្ទាន់ និងលើកកម្ពស់ការលក់ ឬចែកចាយបង្គាក្នុងស្រុក ដោយពួកគេបានដាក់លិខិតស្នើសុំទៅកាន់រដ្ឋាភិបាលដើម្បីឱ្យជួយដោះស្រាយបញ្ហានេះភ្លាមៗ ។ កសិករនៅរង់ចាំតាមដានការដោះស្រាយបញ្ហាតម្លៃបង្គាយ៉ាងដិតដល់ និងរួមគ្នាជំរុញផងដែរ ដើម្បីការពារកុំឱ្យមុខរបរចិញ្ចឹមបង្គាដួលរលំ ៕ ប្រភព ៖ Mono News