វណ្ណដា ជាមួយតារារ៉េប suboi នៅលើឆាកវៀតណាមរញ្ជួយពេញបណ្តាញសង្គម
ទីបំផុតការបង្ហាញវត្តមានរបស់ វណ្ណដា ដែលត្រូវបានខាងកម្មវិធី Rap Viet អញ្ជើញជាតារាកិត្តិយសសម្តែងនៅថ្ងៃផ្តាច់ព្រ័ត្រមហាជនអ្នកគាំទ្របានឃើញហើយដោយតារាចម្រៀង វណ្ណដា ក៏បានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងរ៉េប suboi ផងដែរ។ ការបង្ហាញShow រួមគ្នារបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមទាំងនៅក្នុងនិងក្រៅប្រទេស។
នៅថ្ងៃទី៩ ខែកញ្ញា វគ្គផ្តាច់ព្រ័ត្រកម្មវិធី Rap Viet រដូវកាលទី៣បានចាក់ផ្សាយរួចហើយដោយក្នុងវគ្គពិសេសនេះ វណ្ណដា ក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីដូចគ្នា។ វណ្ណដា បានលើកយកបទ Solo និងបទ អីតែមិនអី ដោយកែសម្រួលច្រៀងMixភាសារួមគ្នាជាមួយតារារ៉េបវៀតណាមដ៏ល្បី suboi ចេញជាចម្រៀងមួយបទមានចំណងជើងថា «Not ok but sickerrr» ។ ការបង្ហាញវត្តមានរបស់តារារ៉េបទាំងពីរធ្វើឱ្យមហាជនអ្នកប្រើបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងសូម្បីតែឯកឧត្តមខៀវ កាញារីទ្ធ ក៏បានស៊ែរពី Show របស់អ្នកទាំងពីរផងដែរ។
ដ្បិតតែតារាចម្រៀងទាំងពីររូបច្រៀងពីរភាសាផ្សេងគ្នាក្នុងបទតែមួយក្តីប៉ុន្តែត្រូវបានមហាជនសម្លឹងឃើញថាពិតជាច្រៀងចូលគ្នាបានល្អខណៈបទខាងលើក៏មានការសម្តែងពិសេសពីអ្នករាំទៀតកាន់តែជំរុញឱ្យការច្រៀង និងសម្តែងរបស់ពួកគេមានភាពទាក់ទាញកាន់តែខ្លាំងដោយអ្នកលេងបណ្តាញសង្គមវៀតណាមក៏បង្ហាញការចាប់អារម្មណ៍និងសរសើរយ៉ាងខ្លាំងមកលើតារាចម្រៀងកម្ពុជា វណ្ណដា ផងដែរ។
ការចូលរួមនៅក្នុងកម្មវិធីនៅឯប្រទេសវៀតណាមលើកទី១នេះ វណ្ណដា ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា រូបគេពិតជារំភើបដែលត្រូវបានអញ្ជើញ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ខាងកម្មវិធី និងមានទំនាក់ទំនងយ៉ាងល្អជាមួយតារាល្បីៗជាច្រើននៅប្រទេសវៀតណាម៕











