ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករជាមួយរដ្ឋាភិបាលហ្វីលីពីន នាពេលឆាប់ៗនេះ ដើម្បីជួយធានាដល់សន្តិសុខស្បៀង ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ការប្រកាសរបស់រដ្ឋាភិបាលវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែករវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី ។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដែលបានគ្រោងទុកនោះទេ ។
កាលពីឆ្នាំ២០២២ ប្រទេសវៀតណាមបាននាំចេញអង្ករក្នុងបរិមាណយ៉ាងច្រើនស្ថិតក្នុងលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងថៃ ។ ចំណែកហ្វីលីពីន គឺជាប្រទេសទិញអង្ករដ៏ច្រើនបំផុតរបស់វៀតណាម ។
នៅខែកក្កដា ឆ្នាំ២០២៣ ប្រទេសឥណ្ឌាដែលបានកាន់កាប់ចំណែកទីផ្សារជាង៤០% នៃពាណិជ្ជកម្មអង្ករលើពិភពលោក បានបញ្ជាឱ្យផ្អាកការនាំចេញអង្ករទៅក្រៅប្រទេស ។ ការផ្អាកការនាំចេញអង្កររបស់ឥណ្ឌា គឺដើម្បីដោះស្រាយបញ្ហាតម្លៃអង្ករក្នុងប្រទេស ទើបធ្វើឱ្យតម្លៃអង្ករនៅទូទាំងពិភពលោក កើនឡើងខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំ ហើយធ្វើឱ្យប្រទេសផ្សេងៗបារម្ភអំពីតម្លៃស្បៀង ខណៈបច្ចុប្បន្ន វាបានឡើងថ្លៃស្រាប់ហើយ ៕
ប្រភព ៖ mgronline










