ជារឿយៗ រាល់ពេលមានបាតុកម្ម គេតែងតែប្រះឃើញមាននូវការលើកដៃម្រាម៣ ដែលជាសញ្ញាមួយដែលពួកបាតុករនិយមប្រើប្រាស់។
ការលើកដៃម្រាម៣នេះ ត្រូវបានប្រើប្រាស់ជាលើកដំបូងនៅអំឡុងឆ្នាំ២០១៤ ក្នុងប្រទេសថៃ ដោយកាលនោះលោកប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។

ពលរដ្ឋថៃយល់ឃើញថា កាលប្រើប្រាស់កម្លាំងកងទ័ព ធ្វើរដ្ឋប្រហារទម្លាក់បក្សកាន់អំណាចជាអំពើខុសច្បាប់ និងមិនគួរកើតឡើងនៅក្នុងសង្គមរបស់ខ្លួននោះទេ ហេតុនេះពួកគេបានធ្វើបាតុកម្មដោយលើកសញ្ញាដៃ៣ ដែលតំណាងឱ្យ សេរីភាព, សមភាព និង ភាតរភាព។
កាលនោះ ក្រុមបាតុកររ៉ាប់មុឺននាក់ បានធ្វើបាតុកម្មពេញទីក្រុងបាងកក ដោយទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង តែមិនបានសម្រេចនោះទេ។

ដោយមើលឃើញស្ថានការប្រទេសកាន់តែលំបាក លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសចេញច្បាប់អាជ្ញាសឹក ដោយបញ្ជាឱ្យពួកទាហាន បោសសម្អាតកន្លែងបាតុកម្មសំខាន់ៗ២កន្លែង ដែលនៅទីនោះ មានទាំងបាតុករលម្អៀងទៅរដ្ឋាភិបាល និងបាតុករប្រឆាំងរដ្ឋាភិបាល។=

ពួកយោធាបានបំបែកហ្វូងបាតុករ ហើយបានឃុំខ្លួនពួកមេដឹកនាំជាច្រើន ដែលធ្វើឱ្យការបាតុកម្មហាក់មានធូរស្បើយ។ ក្រោយមកក៏មានការប្រជុំពិសេសមួយ ដោយតែងតាំងលោកប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី។
ក្រោយមកទៀត ការលើកម្រាមដៃ៣ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលមានបាតុកម្មម្តងនៅក្នុងប្រទេសថៃ និងនៅបណ្តាលប្រទេសមួយចំនួននៅក្នុងទ្វីបអាសុី ដូចជាហុងកុង និងមីយ៉ាន់ម៉ាជាដើម៕
ប្រភព៖ The Thaiger










