សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរដ៏ល្បីបំផុតនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។
ទីនេះជាអតីតមន្ទីរសន្ដិសុខ២១ ឬហៅកាត់ថាមន្ទីរស.២១ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និងសម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។
កាលដើមឡើយ ទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត ក៏ប៉ុន្តែត្រូវបានពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ ពោលគឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។
ក្រោយមក ដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់ ធ្វើជាការតាំងពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា ដើម្បីជាការចង់ចាំរបបដ៏ព្រៃផ្សៃមួយនេះ ដែលបានសម្លាប់មនុស្សជាច្រើនអ្នក។
សូមបញ្ជាក់ផងដែរថា មន្ទីរស.២១ ឬសារមន្ទីរទួលស្លែង បានបើកឱ្យភ្ញៀវចូលទស្សនាដំបូងនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩ គឺនៅចំថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត, អៀង សារី និង ខៀវ សំផន៕









