វាជាចំណេះដឹងដែលមនុស្សទូទៅបានជ្រាបច្បាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចអនុវត្តតាមបានសម្រាប់ពេលវេលាមើលទូរស័ព្ទដៃក្នុង១ថ្ងៃៗ ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំថា មនុស្សពេញវ័យគួរសម្លឹងមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។ បើមើលទូរស័ព្ទដៃរយៈពេលយូរជាងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ឈឺភ្នែក ភ្នែកស្ងួត ឈឺក ឈឺខ្នង ឈឺក្បាល សម្រាកមិនលក់ មានជំងឺធ្លាក់ទឹកចិត្ត និងបារម្ភ ។![]()
ក្រៅពីនេះ អង្គការសុខភាពពិភពលោក បានណែនាំថា កុមារអាយុក្រោម៥ឆ្នាំ គួរតែចៀសវាងការមើលទូរស័ព្ទដៃ ខណៈកុមារអាយុចាប់ពី៦ឆ្នាំ ដល់១៧ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើសពី១ម៉ោងក្នុង១ថ្ងៃ ។ ចំណែកមនុស្សពេញវ័យមានអាយុចាប់ពី១៨ឆ្នាំ ដល់២៤ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។
*វិធីកាត់បន្ថយពេលវេលាមើលទូរស័ព្ទដៃ រួមមាន ៖
-កំណត់ម៉ោងរំលឹកខ្លួនឯងរៀងរាល់២០នាទីម្តងដើម្បីសម្រាកភ្នែក បន្ទាប់មក ចូរសម្លឹងទៅកាន់កន្លែងឆ្ងាយៗប្រមាណ២០វិនាទី
-ជ្រើសរើសខ្លឹមសារអត្ថបទមានគុណភាព និងគួរឱ្យចាប់អារម្មណ៍ក្នុងទូរស័ព្ទ
-បែងចែកពេលវេលាធ្វើសកម្មភាពផ្សេងៗ ដូចជា អានសៀវភៅ ហាត់ប្រាណ ព្រមទាំងចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ ។
*ការសម្លឹងមើលទូរស័ព្ទរយៈពេលយូរបណ្តាលឱ្យមានផលប៉ះពាល់ដូចជា ៖
-មានអាការៈក្រហាយភ្នែក ស្ងួតភ្នែក និងហូរទឹកភ្នែក
-ឈឺត្របកភ្នែក និងឈឺក្បាល
-ភ្នែកមើលអ្វីមិនច្បាស់ ឬឆាប់ខូចភ្នែក
-អាចកើតជំងឺដក់ទឹកក្នុងភ្នែក
-អាចបំផ្លាញសរសៃភ្នែក រហូតមើលអ្វីមិនច្បាស់
-អាចពិការភ្នែក (ប៉ុន្តែវាមិនមែនជាមហារីកភ្នែកទេ)
ប្រសិនបើសង្កេតឃើញថា យើងសម្លឹងមើលទូរស័ព្ទដៃច្រើនពេក គួរតែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃបន្តិចម្តងៗ ទើបយើងកាន់តែងាយស្រួលសម្របខ្លួន ។ កែវភ្នែករបស់យើងមានតែ១គូប៉ុណ្ណោះ ចូរកុំប្រើវាខ្លាំងពេក រហូតភ្លេចផ្តល់ភាពសំខាន់ចំពោះវា ។ បើកែវភ្នែកមានបញ្ហា យើងនឹងសោកស្តាយថា ហេតុអ្វីយើងធ្វើបែបនេះ ហើយនៅពេលនោះ វានឹងហួសពេល ៕ ប្រភព ៖ sanook










