ថ្មីៗមកនេះនៅលើបណ្តាញសង្គមមានការជជែកវែកគ្នាបន្ទាប់ពីមានការផ្សព្វផ្សាយថាសៀមរាបមិនមានភ្ញៀវទេសចរមកកម្សាន្តច្រើនដូចប្រទេសជិតខាង ព្រមទាំងមានការត្អូញត្អែរផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះលាក់ទុកអស់រយៈពេលជាយូរមកហើយកញ្ញា ពេជ្រ ចរណៃ ដែលជាតារាសម្តែងនិងអ្នកហាត់គុនល្បុក្កតោក៏បានបង្ហើបដែរថាមិនក្រោម១០ដងទេដែលខ្លួនមិនបានទទួលការអនុញ្ញាតដើម្បីថតផ្សព្វផ្សាយផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរ ជាមួយប្រាសាទនៅខេត្តសៀមរាប ខណៈប្រទេសខ្លះគ្មានប្រាសាទបុរាណអ្វីផងធ្វើប្រាសាទពីស៊ីម៉ងត៍ គេខំផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកឱ្យទៅទស្សនាក្នុងនោះក៏មានប្រជាជនខ្មែរដូចគ្នា។
ឈានចូលថ្ងៃទី៤ ខែកញ្ញា នៅលើបណ្តាញសង្គមរបស់កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់យ៉ាងដូច្នេះថា «សុំនិយាយពីអារម្មណ៍ពិតដែលលាក់ទុកយូរមកហើយ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបដែលតែងតែ លើកស្ទួយ និងផ្សព្វផ្សាយពី សិល្បៈ វប្បធម៌ ក្បាច់គុន អក្សរសាស្រ្តខ្មែរ និងតំបន់ទេសចរណ៍..ល.. គឺចង់ឱ្យប្រទេសដទៃទៀតគេបានដឹងបានស្គាល់ថាប្រទេសកម្ពុជា ថាជាប្រទេសដែលសំបូរទៅដោយសិល្បៈ វប្បធម៌ ប្រាសាទបុរាណជាច្រើន និងតំបន់ទេសចរណ៍ជាច្រើន។ ដើម្បីផ្សព្វផ្សាយ ខ្ញុំត្រូវចំណាយលុយផ្ទាល់ខ្លួនចាក់សាំង ញុំាបាយ ចំណាយផ្សេងៗ ផលិតវីដេអូ ចំណាយលើក្រុមការងារ..ល..!ទាំងមិនបានប្រាក់ខែ សួរថាខំបំរើជាតិ បំរើវប្បធម៌ជាច្រើនឆ្នាំមកនេះដើម្បីអ្វី? ពេលខ្លះខំចំណាយពេលធ្វើដំណើរពីភ្នំពេញ ទៅសៀមរាប រាប់ម៉ោង គឺដើម្បីតែទៅថតផ្សព្វផ្សាយតែប៉ុណោះ! ពេលខ្លះក៏ត្រូវនៅគេងរង់ចាំរហូតដល់ជាង១អាទិត្យក៏មាន ដើម្បីសុំច្បាប់ថតផ្សព្វផ្សាយ តែក៏នៅតែមិនទទួលបានការអនុញ្ញាត»។
បន្តដោយអារម្មណ៍សោកសៅ ពេជ្រ ចរណៃ បានបង្ហាញទៀតថា «មិនក្រោម១០ដងទេ ដែលខ្ញុំបានធ្វើការស្នើសុំនៅខេត្តសៀមរាមដើម្បីថតផ្សព្វផ្សាយ ផ្សារភ្ជាប់ក្បាច់គុនបុរាណខ្មែរ ជាមួយប្រាសាទ តែមិនដែលបានទទួលការអនុញ្ញាតសូម្បីតែ១ដង ខ្ញុំមិនដែលទទួលបានការយកចិត្តទុកដាក់ និងឱ្យតម្លៃ មកកាន់ខ្ញុំដែលជាកូនខ្មែរស្នេហាជាតិ និងវប្បធម៌ទេ។ ផ្ទុយទៅវិញ ត្រូវបានគេតាមឃ្លាំងមើលខ្ញុំគ្រប់សកម្មភាព ដូចខ្ញុំជាអ្នកទោសចឹង ខ្លាចខ្ញុំថត! មានពេលមួយនោះត្រូវបានបងៗប្រចាំការនៅតំបន់នោះឆែកទូរស័ព្ទខ្ញុំទៀត ខ្លាចខ្ញុំលួចថតរូបបង្ហាញក្បាច់គុនជាប់ជាមួយប្រាសាទ ឬ ថតជាប់នៅតំបន់ប្រាសាទ..ហ៊ឹម សុំទោសផង បើខ្ញុំសរសេរទៅមានការប៉ះពាល់ ខ្ញុំនិយាយក្នុងនាមជាប្រជាពលរដ្ឋដែលមិនដឹងមិនយល់ ពិតជាមិនយល់ពិតមែន គ្រាន់តែចង់ផ្សព្វផ្សាយ តំបន់ប្រាសាទ ទឹកដីបុរាណដ៏អស្ចារ្យ ដែលដូនតាបន្សល់ទុក ផ្សព្វផ្សាយទៅឱ្យពិភពលោកបានដឹង បានស្គាល់ និងមកទស្សនា តែបែជាត្រូវបានហាមឃាត់»។
តារាសម្តែងរូបនេះ សង្កត់ធ្ងន់ទៀតថា «ប្រទេសខ្លះគេគ្មានប្រាសាទបុរាណអ្វីទេ គេធ្វើប្រាសាទពីស៊ីម៉ងត៍ គេខំផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោកឱ្យទៅទស្សនា រួមទាំងប្រជាជនខ្មែរមួយចំនួនផងដែរ»។
បន្ទាប់ពីដឹងរឿងដ៏សោកសៅរបស់ ពេជ្រ ចរណៃ ខាងលើនេះហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយ៉ាងច្រើន និងអាណិតទៅដល់នាងយ៉ាងខ្លាំងខិតខំផ្សាយពីវប្បធម៌ខ្មែរបែរជាមិនទទួលបានការលើកទឹកចិត្តទៅវិញ៕










