ភ្នំឧត្តុង្គ ឬក៏គេច្រើនហៅថា ភ្នំព្រះរាជទ្រព្យ, ភ្នំអដ្ឋរស្ស មានទីតាំងស្ថិតនៅ ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងមានចម្ងាយប្រហែល ៥១គីឡូម៉ែត្រ ពីរង្វង់មូលតាខ្មៅ។ភ្នំនេះជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រមួយ ព្រោះទីនោះ ធ្លាប់ជារាជវាំងចាស់អំឡុងឆ្នាំ ១៦១៨ និង១៨៦៦ មុន​ត្រូវ​បាន​ប្តូរ​រាជធានី​ទៅ​កាន់​រាជធានី​ភ្នំ​ពេញ​ដោយ​ព្រះ​បាទនរោត្តម​ នៅ​ឆ្នាំ ១៨៦៦។ ភ្នំ​នេះ​ជាទី​កន្លែង​សម្រាប់​បញ្ចុះ​សព​នៃព្រះរាជ​វង្សា​នុវង្ស និង​ជា​កន្លែង​ដែល​ព្រះ​រាជា​ទ្រង់​ព្រះ​រាជានុញ្ញាត​អោយ​សាង​សង់​វត្ត និង​ព្រះវិហារ។

នៅលើកំពូលភ្នំក៏មានសំណង់ ប្រវត្តិសាស្ត្រមួយចំនួន ហើយនៅលើព្រះវិហារនោះក៏មានពុទ្ធបដិមាករ ធំហំដល់ទៅ ១៨ ហត្ត។ បច្ចុប្បន្នព្រះវិហារនេះ នៅសល់តែសរសរធំៗ ចំនួន៨ រីឯដំបូលវិញ ត្រូវបានបំផ្លាញនៅក្នុងសម័យខ្មែរក្រហមក្នុងឆ្នាំ១៩៧៧។រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ) – ព្រះរាជាណាចក្រកម្ពុជាប៉ុន្តែបើទោះបីជាមានសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និងទេសភាពល្អត្រកាល ជំនោរខ្យល់ល្អបរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនថែមទៀតផង៕