វិទ្យាល័យថ្មគោល ស្ថិតនៅខេត្តបាត់ដំបងបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ក៏ពិតមែន តែវិទ្យាល័យនេះទើបបានចូលរួមក្នុងគម្រោងកែលម្អការអប់រំមធ្យមសិក្សា នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ។ ការរៀបចំក្រុមការងារសម្រាប់អនុវត្តគម្រោងនៅមានភាពយឺតយ៉ាវខ្លះ បើធៀបនឹងសាលារៀនគោលដៅគម្រោងទាំងមូល។ ជាមួយគ្នានេះ វិទ្យាល័យថ្មគោលមានបញ្ហាប្រឈមដូចជា សាលារៀនខ្វះអគារសិក្សា ខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ។
ការបញ្ជាក់នេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចពិនិត្យការងារអប់រំ ដំណើរការបង្រៀន និងរៀនគម្រោងកែលម្អការអប់រំចំណេះទូទៅ នៅវិទ្យាល័យ ថ្មគោល របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ ស្ថានភាពសេដ្ឋកិច្ចសង្គម និងប្រជាពលរដ្ឋនៅទីនេះ នៅមានការលំបាកខ្លាំងនៅឡើយ ទោះបីជាទីតាំងសាលារៀននៅជាប់នឹងផ្លូវជាតិក៏ដោយ។ តែទោះជាយ៉ាងណា ក៏វិទ្យាល័យថ្មគោល បានចាប់ផ្តើមអនុវត្តកិច្ចការតាមការណែនាំគម្រោងតាមរយៈការប្រជុំណែនាំរបស់គម្រោង ហើយសម្រេចបាននូវសមិទ្ធផល ដូចខាងក្រោម៖
១ /ផលសម្រេចដែលសាលាមាន៖
– ការប្រឡងសញ្ញាបត្រមធ្យមសិក្សា៖ នៅឆ្នាំ ២០២០-២០២១៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សិស្សប្រឡងជាប់សរុប ៩៨% ស្រី ៩៩.១៣% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៣៥% ស្រី ៥៦.១៦%។ ចំណែកឆ្នាំ២០២១-២០២២ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាប់សរុប ៩៨.៥% ស្រី ៩៩.២៤% និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់សរុប ៥៤.៦% ស្រី ៥៦.០០%។
– ការបោះបង់ការសិក្សារបស់សិស្សមានការថយចុះ៖ នៅឆ្នាំ២០២០-២០២១ សិស្សនៅមធ្យមសិក្សាបឋមភូមិ បោះបង់ការសិក្សា សរុប ៩៣ នាក់ (១២.៦៥%) ស្រី ៤៧ នាក់ (១១.៧២%) នៅមធ្យមសិក្សាទុតិយភូមិបោះបង់ សរុប ១៥៧ នាក់ (១០.០៣%) ស្រី ៧២ នាក់ (៨.៣២%)។ ចំណែកឆ្នាំសិក្សា២០២១-២០២២ នៅមធ្យមសិក្សាបឋមភូមិ សិស្សបោះបង់ សរុប ២១ នាក់ (២.៣៦%) ស្រី ៩ នាក់ (១.៩០%) ឯនៅមធ្យមសិក្សាទុតិយភូមិបោះបង់សរុប ៣៩ នាក់ (២.២៣%) ស្រី ៦ នាក់ (០.៦២%)។
– សិស្សនិន្ទេស A ប្រឡងជាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ រហូតដល់ពេលបច្ចុប្បន្ន
– ឆ្នាំ២០២២ សាលារៀនទទួលបានចំណូលបានពីការគាំទ្ររបស់សហគមន៍ចំនួនប្រមាណ ១៩,០០០,០០០រៀល សម្រាប់កែលម្អបរិស្ថានសាលារៀន កែលម្អថា្នក់រៀន ជួសជុលនិងសាងសង់ និងជួយសិស្ស
២/ ប្រការដែលសាលារៀនព្រមអនុវត្តនូវកិច្ចការខាងលើដោយ៖
– បានធ្វើតេស្តបង្កើតទំនុកចិត្តសហគមន៍
– បានបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន
– ទប់ស្កាត់ការបោះបង់ការសិក្សាតាមរយៈការប្រើប្រាស់ក្រុមប្រឹក្សាកុមារ យុវជន
៣ / ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន សាលាក៏មានបញ្ហាប្រឈមដូចជា៖
– សាលារៀនខ្វះអគារសិក្សា ដោយបច្ចុប្បន្នសិស្សក្នុងមួយថ្នាក់មានចាប់ពី ៦០ ទៅ ៨០នាក់
– សាលារៀនខ្វះគ្រូទាំងទុតិយភូមិ និងបឋមភូមិ
– គ្រូភាគច្រើននៅពុំទាន់ស្ម័គ្រចិត្តទៅបន្តការសិក្សាក្នុងវគ្គលើកកម្ពស់គុណវុឌ្ឍិក្នុងគម្រោង GEIP៕











