សិល្បករជាច្រើនបានបំបែកកំណត់ត្រាលក់ពីមុនៗរបស់ពួកគេ ក៏ដូចជាកំណត់ត្រាលក់ K-Pop ទាំងមូល ដោយសារតែប្រភេទតន្ត្រីនេះកាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោក។ ទន្ទឹមនឹង ការលក់អាល់ប៊ុមនឹងនៅតែកើនឡើងទៅលើសិល្បករគេសង្កេតឃើញថាក្រុមចម្រៀង SEVENTEEN បានសម្រេចកំណត់ត្រាស្ទើរតែមិនគួរឱ្យជឿ។
SEVENTEEN បានបង្កើតកំណត់ត្រានៃការលក់នៅឆ្នាំនេះជាមួយនឹងអាល់ប៊ុម FML របស់ពួកគេ ដោយបំបែកកំណត់ត្រាកាលពីមុនផងដែរ។ សម្រាប់ថ្ងៃដំបូងនៃការលក់អាល់ប៊ុមនេះលក់បានចំនួន៣,៩៩៨,៣៧៣បន្ទះ ហើយពេលនេះវាក៏ជាអាល់ប៊ុម K-Pop ដែលលក់ដាច់បំផុតមិនធ្លាប់មាន ឈានដល់ ៦.២៣ លានបន្ទះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចម្រៀងនេះឈានដល់កំណត់ត្រាមួយទៀត ដែលមិនមានសិល្បករ K-Pop ណាធ្វើបានសម្រេចដោយ SEVENTEEN បានក្លាយជាសិល្បករ K-Pop ដំបូងគេដែលលក់អាល់ប៊ុមបានជាង ១០ លានបន្ទះក្នុងរយៈពេលតែមួយឆ្នាំ។

មុនពេលអាល់ប៊ុម FML ត្រូវបានចេញផ្សាយ SEVENTEEN បានលក់អាល់ប៊ុមចំនួន១លានបន្ទះពីការចេញផ្សាយកន្លងមកដែលជាស្នាដៃទាំងអស់ដោយខ្លួនឯង។ បន្ទាប់មកអាល់ប៊ុម FML ទទួលបានការលក់លើសពី៦លានបន្ទះ បន្ទាប់ពីនោះ Pledis Entertainment បានបោះពុម្ពឡើងវិញនូវអាល់ប៊ុមចាស់មួយចំនួនរបស់ពួកគេ ដើម្បីដាក់លក់នៅលើទីផ្សារវិញ។ អ្នកគាំទ្រ បានបន្តទិញយ៉ាងហោចណាស់៣លានបន្ទះនៃអាល់ប៊ុមដែលបានបោះពុម្ពឡើងវិញដើម្បីឈានដល់ការលក់អាល់ប៊ុមចំនួន ១០ លានបន្ទះ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុម FML គឺជាអាល់ប៊ុមតូចទី១០របស់ក្រុម SEVENTEEN ដែលមានចំនួន៦បទបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ៕










