ប្រទេសប៉ាគីស្ថាន ៖ អាជ្ញាធរប្រទេសប៉ាគីស្ថានបានជួយរំដោះកូនសិស្ស៦នាក់ និងគ្រូបង្រៀន២នាក់ទៀតចេញពីកន្ត្រកខ្សែកាបដោយសុវត្ថិភាព ក្រោយពីពួកគេបានជាប់ក្នុងកន្ត្រកនេះនៅកណ្តាលជ្រលងភ្នំអស់រយៈពេល១៤ម៉ោង ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Anwar ul Haq Kakar បានបង្ហោះសារមួយក្នុងបណ្តាញសង្គមបង្ហាញពីការត្រេកអរ ដែលអាជ្ញាធរអាចជួយសង្គ្រោះជីវិតមនុស្សទាំងអស់ ។
ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីកូនសិស្សចំនួន៦នាក់មានអាយុចាប់ពី១០ឆ្នាំ ទៅ១៥ឆ្នាំ និងគ្រូបង្រៀន២នាក់ទៀតបានធ្វើដំណើរតាមកន្ត្រកខ្សែកាបទៅកាន់សាលារៀននៅលើភ្នំ ដែលស្ថិតនៅភាគឦសានប្រទេសប៉ាគីស្ថាន ។ ប៉ុន្តែកន្ត្រកខ្សែកាបមិនដំណើរការ និងឈប់ស្ងៀមមួយកន្លែង ដែលវាមានកម្ពស់ពីជ្រលងភ្នំប្រមាណ២៧៤ម៉ែត្រ ។
កងទ័ព និងអ្នកជំនាញបានជួយសង្គ្រោះគ្រូបង្រៀន និងកូនសិស្សដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ ប៉ុន្តែមានឧបសគ្គដោយសារខ្យល់ខ្លាំងពេក ។ ក្នុងអំឡុងពេលជួយសង្គ្រោះនោះ មានកូនសិស្ស២នាក់ដួលសន្លប់ ខណៈកូនសិស្សខ្លះទៀតក្អួត និងមានជំងឺបេះដូង ។ រយៈពេលជាច្រើនម៉ោងក្រោយមក អាជ្ញាធរក៏អាចជួយសង្គ្រោះមនុស្សជាប់ក្នុងកន្ត្រកខ្សែកាបទាំងអស់ ។ លោក Sahib Khan បានក្លាយជាវីរបុរសក្នុងការជួយសង្គ្រោះលើកនេះ ដោយសារលោកធ្វើការនៅក្រុមហ៊ុនដែលមានជំនាញយកសា.កស.ពចេញពីទន្លេ និងជ្រលងភ្នំ ។ ដូច្នេះ លោកក៏បានស្ម័គ្រចិត្តជួយសង្គ្រោះអ្នកជាប់ក្នុងកន្ត្រកខ្សែកាប ។
គេសង្កេតឃើញនៅបរិវេណកន្លែងកើតហេតុ មានក្រុមគ្រួសារ និងអ្នកស្រុកប្រមាណ៥០០នាក់បានមកឈរមើលភារកិច្ចជួយសង្គ្រោះរបស់ភ្នាក់ងារជំនាញដោយការបារម្ភ ។ ចំណែកពលរដ្ឋខ្លះទៀតបានសុំពរពីព្រះជាបន្តបន្ទាប់ រហូតដល់ភ្នាក់ងារសង្គ្រោះអាចជួយជីវិតមនុស្សចុងក្រោយដោយជោគជ័យ ៕ ប្រភព ៖ Nation World










