បន្ទាប់ពីផ្ទុះរឿងអាស្រូវក្នុងរង្វង់គ្រួសារ នេះជាលើកដំបូងហើយដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញសារទម្លាយពីអារម្មណ៍របស់ខ្លួន ខណៈកន្លងមកនេះមានអ្នកទាំងអ្នករិះគន់នាងថាជាកូនអកតញ្ញូ និងមានទាំងអ្នកគាំទ្រ មិត្តរួមអាជីពសិល្បៈចេញមកការពារ និងផ្តល់កម្លាំងចិត្តឱ្យនាងយ៉ាងច្រើន។
នៅថ្ងៃយប់ថ្ងៃទី២៣ ខែសីហា នៅលើហ្វេកប៊ុកផេក ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមកទម្លាយអារម្មណ៍ថា «ពីមុនខ្ញុំតែងលួចសួរទៅពិភពលោកថា ហេតុអ្វីបានជាពិភពលោកមួយនេះចិត្តអាក្រក់ជាមួយខ្ញុំម្ល៉េះ ពេលដែលកើតមកខ្ញុំអត់ចង់បានអ្វីទេ គឺចង់បានការស្រឡាញ់ដែលក្មេងកើតមកក្នុងជីវិតមួយនេះគួរតែមាន ហេតុអី្វយើងមិនទទួលបាន?
នៅពេលដែលយើងធំឡើង យើងក៏ទទួលបានចម្លើយគ្រប់បញ្ហាដែលចូលមកក្នុងជីវិតយើងចង់ប្រាប់ថាក្នុងពិភពលោកនេះអាចមានថ្ងៃខ្លះចិត្តអាក្រក់ ចិត្តដាច់ជាមួយយើង តែយើងកុំចិត្តអាក្រក់ដាក់ខ្លួនឯងអី យើងមិនអាចបង្ខំអោយនរណាម្នាក់មកស្រឡាញ់យើងបានទេ ប៉ុន្តែយើងត្រូវតែស្រឡាញ់ខ្លួនឯងអោយបានច្រើនៗ នឹងមើលឃើញពីតម្លៃមនុស្សជុំវិញខ្លួនដែលផ្តល់ក្តីស្រឡាញ់ហើយឈរដើម្បីយើង »។
បវរកញ្ញាល្បីឈ្មោះរូបនេះបន្តទៀតថា «អ្វីដែលធ្វើឱ្យខ្ញុំជួបប្រទះក្នុងពិភពលោកនេះមួយទៀតគឺ«ក្តីស្រឡាញ់មួយដែលមិនត្រូវការ ការតបស្នង» អរគុណសម្រាប់ ការការពារ ការស្រឡាញ់ពីមនុស្សសំខាន់ជុំវិញខ្លួន ការយកចិត្តទុកដាក់របស់អ្នកគាំទ្រចែតីទាំងអស់ ទោះបីយើងមិនជាប់សាច់ឈាមគ្នាក៏ដោយ ហើយក៏អរគុណសម្រាប់ពាក្យណែនាំល្អៗ ពាក្យលើកទឹកចិត្ត ក្នុងថ្ងៃដែលស្រីតីដួលក្រោកស្ទើតែមិនរួច មិនដឹងថាគួរប្រើពាក្យអ្វីដើម្បីអរគុណអោយសាកសម តែចង់ប្រាប់ថាអរគុណចេញពីចិត្តពិតៗពីមនុស្សម្នាក់នេះ។
ខ្ញុំនឹងមិនធ្វើឱ្យអ្នកទាំងគ្នាខកបំណងទេ សន្យាថានឹងខំប្រឹងឱ្យរឹងមាំជាងពេលឥឡូវនេះ ដើម្បីខ្លួនឯងនិងមនុស្សជាទីស្រឡាញ់របស់ចែតីទាំងអស់គ្នា សន្យាថានឹងខិតខំរកអ្វីថ្មីៗ ដើម្បីតបស្នងនឹងការស្រឡាញ់ដែលឥតលក្ខខណ្ឌមកលើចែតី។ អរគុណគ្រប់រឿងរ៉ាវ គ្រប់បញ្ហា ដែលឈានជើងចូលមកក្នុងជីវិតមួយនេះ ហើយក៏អរគុណដល់ខ្លួនឯង ដែលតែងតែស៊ូរហូតមក មិនបោះបង់ខ្លួនឯងចោល ទោះដឹងថានៅពេលដែលឈរក្នុងចំណុចមួយនេះ ឆ្លងកាត់ឧបសគ្គច្រើនប៉ុណ្ណាក៏ដោយ »។
បន្ទាប់ពីទម្លាយសារខាងលើនេះហើយ អ្នកគាំទ្រជាច្រើននៅបន្តចូលរួមផ្តល់កម្លាំងចិត្តដល់ វត្តី បន្ទាប់ពីឆ្លងកាត់ស្រមោលឈឺចាប់ក្នុងជីវិតជាមួយម្តាយបង្កើតដែលមិនទទួលបានភាពកក់ក្តៅ និងទទួលបានការវាយប្រហារពីសំណាក់សាច់ញាត្តិខ្លួនឯង៕
		
	









