MRI មានឈ្មោះពេញ Magnetic Resonance Imaging គឺជាម៉ាស៊ីនពិនិត្យ និងថតរូបភាពដោយម៉ាញេទិក។ ម៉ាស៊ីននេះ ត្រូវបានគេប្រើក្នុងការធ្វើរោគវិនិច្ឆ័យរបស់អ្នកជំងឺ ដើម្បីព្យាបាល និងតាមដានលទ្ធផលដោយផ្អែកលើលក្ខណៈសម្បត្តិម៉ាញ៉េទិចនៃអាតូមអ៊ីដ្រូសែន ដែលជាសមាសធាតុសំខាន់នៅក្នុងខ្លួនមនុស្សដូចជាម៉ូលេគុលទឹក (H2O) ជាដើម។
របៀបពិនិត្យ MRI ជាដំបូងអ្នកជំងឺត្រូវគេងក្នុងម៉ាស៊ីនរយៈពេល ៣០នាទី ឬច្រើនម៉ោងអាស្រ័យលើប្រព័ន្ធសរីរាង្គដែលត្រូវពិនិត្យ។ ម៉ាស៊ីននេះមានទទឹងប្រហែល ៦០ សង់ទីម៉ែត្រ ហើយនឹងមានឧបករណ៍ទទួលសញ្ញា។ នៅពេលដែលអ្នកជំងឺស្ថិតនៅក្រោមវាលអេឡិចត្រូ ឧបករណ៍នេះនឹងបញ្ចេញរលកវិទ្យុនៃប្រេកង់ជាក់លាក់មួយ ដើម្បីជំរុញប្រព័ន្ធសរីរាង្គដែលត្រូវពិនិត្យ បន្ទាប់មកបានបំប្លែងទៅជាសញ្ញារូបភាពនៅលើអេក្រង់។
MRI មានតួនាទីពិនិត្យសរីរាង្គកាយរបស់មនុស្សទាំងអស់ដូចជា ខួរក្បាល បេះដូង ពោះវៀន ក្រពះ និងសួតជាដើម-ល-។ ហើយអ្វីដែលពិសេស MRI អាចរកឃើញភាពមិនធម្មតានៅក្នុងខួរក្បាល ឬក្នុងតំបន់សុដន់ និងបេះដូង រួមជាមួយភាពមិនធម្មតានៃសរីរាង្គផ្សេងៗនៅក្នុងពោះ ស្បូន និងអូវែចំពោះស្ត្រី ឬក្រពេញប្រូស្តាតបុរស និងភាពមិនប្រក្រតីនៃខួរឆ្អឹងខ្នងជាដើម។
ដូច្នេះ MRI មានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-អាចផ្តល់រូបភាពដែលបែងចែកយ៉ាងច្បាស់រវាងជាលិកាផ្សេងៗដោយត្រឹមត្រូវបំផុត
-អាចត្រូវបានប្រើដើម្បីពិនិត្យគ្រប់ប្រព័ន្ធនៃរាងកាយទាំងអស់ ជាពិសេសនៅក្នុងផ្នែកដែលមិនមែនជាឆ្អឹងដូចជាប្រព័ន្ធខួរក្បាល សរសៃប្រសាទនៅក្នុងខ្លួន សាច់ដុំ ឬសរសៃពួរជាដើម-ល-។
-មានបច្ចេកទេសពិនិត្យពិសេសជាច្រើន ដូចជាការពិនិត្យអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលស្រួចស្រាវ។ ការរកឃើញកម្រិតជីវគីមី ដើម្បីបែងចែកប្រភេទនៃដុំពក និងការពិនិត្យសរសៃឈាមនៅទូទាំងរាងកាយ-ល-។
-មិនបង្កឱ្យមានការឈឺចាប់ណាមួយដល់រាងកាយរបស់អ្នកជំងឺឡើយ រួមទាំងគ្មានគ្រោះថ្នាក់ពីវិទ្យុសកម្ម និង មានសុវត្ថិភាពខ្ពស់។
-មានប្រយោជន៍ណាស់ក្នុងការពិនិត្យមើលអ្នកជំងឺកុមារ ព្រោះមិនមានគ្រោះថ្នាក់ដោយវិទ្យុសកម្ម កើតឡើងពីការប្រើប្រាស់កាំរស្មីអ៊ិចនោះទេ៕
ប្រភព៖sanook










