ប្រទេសថៃ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានដនមឿង ព្រមទាំងបានគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ។ នេះជាការវិលត្រឡប់មកប្រទេសថៃលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ និងជាការចូលមកកាន់ដំណាក់កាលកាត់ក្តីរបស់តុលាការ ។ គេសង្កេតឃើញមានបណ្តាសមាជិកគណបក្សភឿថៃ និងពលរដ្ឋអាវក្រហមជាច្រើននាក់បានធ្វើដំណើរមករង់ចាំទទួលស្វាគមន៍ការវិលត្រឡប់មកកាន់មាតុប្រទេសរបស់លោក Thaksin ។
នៅវេលាម៉ោង១០និង២៥នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin និងបញ្ជូនទៅកាន់តុលាការកំពូល ខណៈលោកមានឋានៈជាអ្នកទោសនយោបាយ ហើយលោកត្រូវប្រឈមនឹងការផ្តន្ទាទោសចំនួន៣ករណី រួមមាន ៖
១-ករណីអំពើពុករលួយសម្រាប់ការផ្តល់ប្រាក់កម្ចីរបស់ធនាគារ Exim (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ)
២-ករណីលេខឆ្នោត (តុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ)
៣-ករណីកែប្រែកិច្ចសន្យាសម្បទានអនុគ្រោះដល់ក្រុមហ៊ុន Shin Corp. (តុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ)

សរុបមក លោក Thaksin ត្រូវបានតុលាការកំពូលសម្រេចឱ្យលោកជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់៣ករណី ។ បន្ទាប់មក នៅវេលាម៉ោង១១ នាថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ និងធ្វើដំណើរចាកចេញពីតុលាការកំពូល សំដៅទៅកាន់ពន្ធនាគារពិសេសនៅទីក្រុងបាងកក ហើយនៅតាមផ្លូវ និងបរិវេណខាងមុខពន្ធនាគារពិសេស គេសង្កេតឃើញថា មានពលរដ្ឋអាវក្រហមជាច្រើននាក់មករង់ចាំផ្តល់កម្លាំងចិត្តផងដែរ ។
ចំណែកនៅខាងមុខពន្ធនាគារពិសេស គឺមានការយាមកាមសុវត្ថិភាពយ៉ាងតឹងតែង ជាពិសេស រថយន្តមិនពាក់ព័ន្ធនឹងមិនត្រូវអនុញ្ញាតឱ្យបើកឆ្លងកាត់នៅបរិវេណនេះដាច់ខាត រួមទាំងក្រុមអ្នកសារព័ត៌មាន ក៏គេមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណនេះដូចគ្នាដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ លោក Thaksin បានឈានជើងចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោយពីលោកត្រូវបានគេធ្វើរដ្ឋប្រហារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ។ សារព័ត៌មាន AFP ចុះផ្សាយថា លោក Thaksin អាយុ៧៤ឆ្នាំ ត្រូវបានគេធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពី១៧ឆ្នាំមុន ហើយលោកបានសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសអស់រយៈពេល១៥ឆ្នាំ ប៉ុន្តែលោកនៅតែល្បីល្បាញខាងនយោបាយ ជាពិសេស លោកទទួលបានប្រជាប្រិយភាពពីពលរដ្ឋថៃ ៕ ប្រភព ៖ Thai PBS










