រដ្ឋធានីប៉េកាំង៖ ស្របពេលរដ្ឋាភិបាលក្រុងតូក្យូ បានសម្រេចចិត្ត បញ្ចេញទឹកសំណល់ ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដែលបានរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ នោះមក អាជ្ញាធរកោះហុងកុង ក៏បានណែនាំហាមឃាត់ដល់ការនាំចូលម្ហូបអាហារ ឬ ផលិតផលសមុទ្រ មកពីប្រទេសជប៉ុន។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី២២ ខែសីហា ថា លោក ចន លី (John Lee) មេដឹកនាំកោះហុងកុង បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ (ទី២២ ខែសីហា) ថា គាត់បានណែនាំដល់រដ្ឋាភិបាលរបស់គាត់ ឱ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីការទប់ស្កាត់នូវការនាំចូលម្ហូមអាហារសមុទ្រមួយចំនួន មកពីប្រទេសជប៉ុន។ វិធានការបែបនេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានប្រកាស ថា ជប៉ុន នឹងបញ្ចេញទឹក ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ចេញពីរោងចក្រនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា (Fukushima) ដែលបានរងគ្រោះមហន្ដរាយ ពីមហារលកយក្សស៊ូណាមិ ចូលទៅក្នុងសមុទ្រ។
លោក ចន លី មេដឹកនាំហុងកុង បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ដោយខ្លួនឯង បញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ»។
មេដឹកនាំកោះហុងកុង បានសង្កត់ធ្ងន់ ថា«ខ្ញុំបានសម្ដែងនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្ញុំ ដោយចាត់ទុកចំណាត់ការនេះ ជាការគ្មានការទទួលខុសត្រូវ ចំពោះការមិនយកចិត្តទុកដាក់ លើសុវត្ថិភាពចំណីអាហារ និង ហានិភ័យដល់បរិស្ថាន»។
លោក ចន លី បានបន្ត ថា គាត់បានបញ្ជាទៅនាយកដ្ឋានបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការ ត្រួតពិនិត្យនូវការនាំចូលជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពចំណីអាហារ និង សុខភាពសាធារណៈ នៅក្នុងទីក្រុងហុងកុង។
បើតាមក្រសួងកសិកម្មជប៉ុន បានអះអាង ថា ហុងកុង ក្លាយជាដែនដីទទួលការនាំចូលម្ហូបអាហាររបស់ជប៉ុន ធំជាងគេលំដាប់ទី២ បន្ទាប់ពីចិនដីគោក។
ទីក្រុងហុងកុង កាលពីខែមុន បានប្រកាស ថា ទីក្រុងមួយនេះ គ្រោងនឹងហាមឃាត់ដល់ការនាំចូលផលិតផលជលផល មានប្រភពមកពីខេត្តចំនួន១០របស់ប្រទេសជប៉ុន ប្រសិនបើរដ្ឋាភិបាលក្រុងតូក្យូ សម្រេចបង្ហូរទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីប្រកាសនេះ បានធ្វើឡើង ក្រោយពេលរដ្ឋបាលគយទូទៅ នៅក្នុងប្រទេសចិន បានគំរាម អំពីការហាមប្រាមដល់អាហារទាំងអស់ពីរាជធានី-ខេត្ត ចំនួន១០របស់ជប៉ុន រួមមាន រាជធានីតូក្យូ (Tokyo), ខេត្តហ៊្វូគូស៊ីម៉ា (Fukushima), ឆីបា (Chiba), តូឈីហ្គិ (Tochigi), អ៊ីប្រារ៉ាគិ (Ibaraki), ហ្គុនម៉ា (Gunma), មីយ៉ាហ្គិ (Miyagi), នីអ៊ិហ្កាតា (Niigata), ណាហ្កាណូ (Nagano) និង ខេត្ដសៃតាម៉ា (Saitama)។
តំណាងការទូតរបស់ជប៉ុន ប្រចាំទីក្រុងហុងកុង បានប្រឆាំងនឹងសកម្មភាពទប់ស្កាត់នូវការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ហើយគាត់បានជួបជាមួយលោក លី និង មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលហុងកុង កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។
លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា «ខ្ញុំបានស្នើដល់ក្រុមហ៊ុន TEPCO (ថែបកូ) រៀបចំឱ្យបានឆាប់រហ័ស សម្រាប់ការបង្ហូរទឹកសំណល់ដែលបានចម្រោះសារធាតុវិទ្យុសកម្ម ស្របតាមផែនការ ត្រូវបានអនុម័ត ដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ និង រំពឹងថា ការបញ្ចេញទឹក នឹងចាប់ផ្តើម នៅថ្ងៃទី២៤ ខែសីហា ហើយលក្ខខណ្ឌអាកាសធាតុ ក៏នឹងអំណោយផលល្អ ផងដែរ»។
ប្រទេសជប៉ុន បានប្រកាស ថា ការបញ្ចេញទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានរងគ្រោះមហន្ដរាយ ដោយមហារលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព។ ស្របគ្នានេះដែរ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺ អំពីផែនការនេះ កាលពីខែមុន ដោយបានបញ្ជាក់ ថា ទឹកចម្រោះនោះ បានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថា ផលប៉ះពាល់របស់វា នឹងមកលើមនុស្ស និង បរិស្ថាន មានកម្រិតតិចតួចប៉ុណ្ណោះ។
បើទោះជាយ៉ាងនេះក្តី ប្រទេសជិតខាងមួយចំនួន បានសម្តែងនូវការសង្ស័យ ទៅលើកម្រិតសុវត្ថិភាព សម្រាប់ផែនការនេះ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាអ្នករិះគន់ដ៏ខ្លាំងបំផុត។
លោក វ៉ាង វេនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានអះអាង កាលពីខែកក្កដា ថា ប្រទេសជប៉ុន បានបង្ហាញ អំពីអាត្មានិយម និង មានភាពក្រអឺតក្រទម ហើយមិនបានពិគ្រោះយោបល់ជាមួយនឹងសហគមន៍អន្តរជាតិអ្វីទាំងអស់ ជុំវិញការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន៕










