រដ្ឋធានីម៉ិកស៊ីកូ (Mexico)៖ ការធ្វើពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និង ម៉ិកស៊ីក បានកើនឡើង រហូតដល់២៦៣ពាន់លានដុល្លារ នៅក្នុងអំឡុងពេល៤ខែដំបូង នៃឆ្នាំ២០២៣ ដោយកើនលើសពីចិន និង កាណាដា ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ រហូតមក។
សារព័ត៌មាន Insider បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ថា បើតាមការប្រកាសថ្មីរបស់លោក លូស តូរ៉ែស (Luis Torres) សេដ្ឋវិទូពាណិជ្ជកម្មជាន់ខ្ពស់មួយរូប នៃធនាគារបម្រុងសហព័ន្ធន៍ដាលលាស (Dallas) ថា ប្រទេសម៉ិកស៊ី បានពង្រឹងតួនាទីរបស់ខ្លួនម្តងទៀត នៅក្នុងនាមជាដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក ជាមួយនឹងទំនិញមានទំហំទឹកប្រាក់ ២៦៣ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ នៅក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៣។ ពាណិជ្ជកម្ម ជាមួយម៉ិកស៊ិក មានទំហំ១៥,៤ភាគរយ នៃទំនិញនាំចេញ និង នាំចូលដោយសហរដ្ឋអាមេរិក ដោយនាំមុខទំហំពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិក ជាមួយកាណាដា មាន១៥,២ភាគរយ និង ចិន មានត្រឹមតែ១២ភាគរយប៉ុណ្ណោះ។
បើទោះជាពិភពលោកកំពុងតែងើបចេញពីជំងឺរាតត្បាតយ៉ាងក៏ដោយ ប្រទេសម៉ិកស៊ិក នៅតែមានសមត្ថភាពដណ្តើមតំណែងកំពូល លើសពីប្រទេសចិន ដោយបានចំណាយពេល២ទសវត្សរ៍ចុងក្រោយនេះ នៅក្នុងការរួមបញ្ចូលខ្លួនបន្ថែមទៀត ទៅក្នុងសេដ្ឋកិច្ចរបស់អាមេរិក ហើយវាជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់លាស់ គេចចេញពីភាពវឹកវរខាងសេដ្ឋកិច្ច ដូចកាលពីឆ្នាំ ២០២០។
សេដ្ឋវិទូពាណិជ្ជកម្មជាន់ខ្ពស់រូបនេះ បានបញ្ជាក់ ថា គ្រាប់ពូជ សម្រាប់ការផ្លាស់ប្តូរនេះ ត្រូវបានសាបព្រោះ នៅមុនពេលជំងឺរាតត្បាត ជាមួយនឹងពន្ធរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) លើទំនិញចិនមួយចំនួន និង ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-កាណាដា-ម៉ិកស៊ិក ដែលជាការធ្វើបច្ចុប្បន្នភាពបន្តិចបន្តួច សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាមេរិកខាងជើង (The North American Free Trade Agreement) ហៅកាត់ NAFTA មានអាយុកាលជិត៣ទសវត្សរ៍មកហើយ។
លោក លូស តូរែស បានបន្ថែម ថា ការផ្លាស់ប្តូរនេះ ក៏បានស្នើឱ្យមានការពន្លឿននូវការអនុវត្ដឆ្ពោះទៅរក«ការខិតកាន់តែជិត» សម្រាប់ការអនុវត្ត ដែលបណ្តាប្រទេសនានា នាំយកខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ទំនិញសំខាន់ៗ ទៅកាន់ប្រទេសជិតស្និទ្ធ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មី២នេះ បានព្យាយាមធ្វើឱ្យល្អប្រសើរឡើងនូវទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន ក្រោយពេលមើលឃើញ ថា ការបែកបាក់គ្នាកំពុងតែកើនឡើង នៅក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ រួមទាំងការបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរ។ ស្របគ្នានេះដែរ លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីខែមិថុនា ខណៈលោកស្រី ចាណែត យែលឡែន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសចិន បន្ថែមទៀត។
លោកប្រធានាធិបតី ស៊ី ជិនពីង និង ប្រមុខការទូតសហរដ្ឋអាមេរិក បានសន្យាធ្វើឲ្យមានស្ថិរភាពនូវទំនាក់ទំនង រវាងចិន និង សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានេះដែរ លោ កស្រីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្ដែងនូវការព្រួយបារម្ភ អំពី«ការអនុវត្តសេដ្ឋកិច្ចមិនយុត្តិធម៌» ប៉ុន្តែលោកស្រី សង្ឃឹម ថាភាគីទាំង២ អាចធ្វើការកាន់តែជិតស្និទ្ធនឹងគ្នា ព្រោះពិភពលោក គឺធំល្មម សម្រាប់ប្រទេសរបស់យើងទាំងពីរ ត្រូវធ្វើឲ្យរីកចម្រើន»៕










