ក្នុងការថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី ៧ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ បានរៀបចំឡើង នូវ «កម្មវិធីនយោបាយ» របស់ខ្លួន ដោយផ្អែកលើ « កម្មវិធីនយោបាយសម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4t4WKSmfrHQu3iYJCEEH1tbpIzCXjSOJFJozTUpivt8myFkXKBT_lQpLBkfFvHbyUjwE7_X89cXcCHLijW72rJtP9TKz2pz0qjldiTEPXr4-0rhB_tL3w6wEYAjzsP1zCP0gQ9X9uCGY0TMOv8qrEJh5pSdoyRFeYS9lXM6k_XPugvnHWAQFL8s9Jwrk/s960/image_2023-08-22_11-40-32%20(2).png

តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះ សម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នោះគឺ ៖

ទី១- ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ព្រម ទាំងការការពារឯករាជ្យ, អធិបតេយ្យ, និង បូរណភាពទឹកដី ឱ្យបានគង់វង្សចីរកាល មិនឱ្យ កម្លាំងណាមកបំពាន ឬ បំផ្លាញ បានឡើយ។

ទី២-ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោត អាទិភាពលើ: ការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាព ខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ រួមបញ្ចូលផងដែរ នូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម ព្រមទាំងការបង្កើនប្រសិទ្ធភាព និង ការលើកកម្ពស់គុណភាពសេវាសាធារណៈ; ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និង ទ្រទ្រង់ ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និង សមធម៌; ការបន្តផ្តល់អាទិភាពខ្ពស់ ទៅ លើការវិនិយោគលើមូលធនមនុស្ស ដោយផ្តោតលើការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល; ការលើកកម្ពស់ និង ការបង្កើនការវិនិយោគ, ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន, លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា, ទាំងផ្នែករឹង ទាំងផ្នែកទន់, ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន; ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ការបង្កើតបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និង ធុរកិច្ចថ្មី ឱ្យរីកលូតលាស់; ការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និង វិស័យឯកជន; ការបង្កើនភាពស៊ីជម្រៅ និង ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ព្រមទាំងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ រួមបញ្ចូលនូវការរៀបចំ និង ការកែលម្អក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន ព្រមទាំងការធ្វើពិពិធកម្មផលិតផល និង សេវាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និង ការវិនិយោគ; និង ការជំរុញធ្វើ បរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង សេដ្ឋកិច្ច ។ល។

ទី៣-ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និង ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយ គុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និង ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និង ការ ការពារអាជីព ជូនកម្មករ-និយោជិត; ការបន្តដំឡើងបៀវត្សអប្បបរមា និង ប្រាក់សោធននិវត្តន៍ ជូនមន្ត្រីរាជការសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និង អតីតយុទ្ធជន គួបផ្សំជាមួយ នឹងការរៀបចំប្រព័ន្ធបៀវត្ស និង ប្រព័ន្ធលើកទឹកចិត្ត ក្នុងវិស័យសាធារណៈ ឱ្យកាន់តែមាន ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណាធិបតេយ្យ សំដៅលើកកម្ពស់ ផលិតភាពការងារ, សមិទ្ធកម្ម និង ជីវភាពមន្ត្រីសាធារណៈ ឱ្យមានសង្គតិភាព ជាមួយកំណើន សេដ្ឋកិច្ច និង លទ្ធភាពនៃថវិកាជាតិ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishSNSAM9KB1rFx7qrWnVXyI7T50J0s9JTMyXQ_AJbHB7Pj2TKRfivV6YYaNKWOu2UKv5VA0zj9bS8VoBfF0FYt6jJn1OsePMTptD2hI_Iiz8JnJRPDMMbEwJaNGuQyFwq0oww4x_zXp_v1TOZFEq9HBYsGM4xICi-aHK6nA2Q2tivlcv8g_fmU17Hrbw/s960/image_2023-08-22_11-40-32.png

ទី៤-ការធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនា
បច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួម បញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារ ងាយរងហានិភ័យ, ពីគ្រោះអាសន្ន និង វិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។

ទី៥-ការធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភប្រជាសាស្ត្រ និង ការពង្រឹងភាពធន់នៃប្រជាសាស្ត្រ របស់កម្ពុជា; ការលើកកម្ពស់ សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព; ការខិតខំបង្កើនហិរញ្ញប្បទានចីរភាព សំដៅជំរុញការវិនិយោគបៃតង និង សេដ្ឋកិច្ចបៃតង; ការជំរុញការវិនិយោគ សាធារណៈ ដែលមានភាពធន់នឹងអាកាសធាតុ និង មានការបញ្ចេញកាបូនទាប; និង ការធានា ចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។

គួរបញ្ជាក់ផងដែរថា ខ្លឹមសារនៃ «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូន គឺចង់ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និង ការប្តេជ្ញាចិត្ត ដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និង ប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និង គោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និង កសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាជន៕