ប្រទេសចិន ៖ ប្រទេសចិនបានបង្ហាញមនុស្សយន្តប្រភេទផ្សេងៗគ្នា ដែលមានលក្ខណៈដូចមនុស្សពិតៗក្នុងពិធីតាំងបង្ហាញមនុស្សយន្តពិភពលោក នៅទីក្រុងប៉េកាំង ។ បច្ចេកវិទ្យាថ្មីចុងក្រោយនេះ បានជួយធ្វើឱ្យមនុស្សយន្តទាំងឡាយអាចបង្ហាញទឹកមុខ និងកាយវិការដូចគ្នាជាមួយមនុស្សកាន់តែខ្លាំង ។
និស្សិតស្រីម្នាក់ឈ្មោះ លីវ មានអាយុ២២ឆ្នាំ ហើយនាងទើបបញ្ចប់ការសិក្សាបាននិយាយថា ៖ «ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដែលបច្ចុប្បន្ននេះ មនុស្សយន្តអាចធ្វើចលនាផ្សេងៗតាមមនុស្សយើងបានគ្រប់បែបយ៉ាង ហើយសូម្បីតែការកម្រើកម្រាមដៃនីមួយៗ ក៏មនុស្សយន្តទាំងនេះអាចធ្វើបានដែរ» ។
វិស្វករផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមនុស្សយន្តហ៊ីវម៉ែនណយ EXRobots លើកឡើងថា ៖ «ការអភិវឌ្ឍបច្ចេកវិទ្យាលើកចុងក្រោយនេះ ធ្វើឱ្យចំណុចតភ្ជាប់របស់មនុស្សយន្តហ៊ីវម៉ែនណយអាចធ្វើចលនាបានតាមធម្មជាតិកាន់តែខ្លាំង រួមទាំងការធ្វើចលនាម្រាមដៃនីមួយៗផងដែរ» ។
ចំណែកលោក លី មានអាយុ២៨ឆ្នាំ ជាគ្រូពេទ្យ និយាយថា ៖ «ខ្ញុំគិតថា ពួកវាមើលទៅដូចមនុស្សយើងខ្លាំងណាស់ ទាំងគ្រាប់ភ្នែក, ចលនារាងកាយ និងដៃ ។ មនុស្សយន្តទាំងនេះកាន់តែដូចមនុស្សពិតប្រាកដ និងខុសពីមនុស្សយន្តមុនៗផងដែរ ។ នៅថ្ងៃអនាគត ខ្ញុំជឿថា ពួកគេនឹងចូលមកជំនួសមនុស្សបន្តិចម្តងៗសម្រាប់ការងារមួយចំនួនដែលគេត្រូវធ្វើដដែលៗ ។ ប៉ុន្តែបើយើងប្រើប្រាស់ប្រយោជន៍ពីវាយ៉ាងសមស្រប រឿងទាំងនេះនឹងជួយយើងអាចអភិវឌ្ឍន៍ការផលិតកាន់តែមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ» ។
ក្នុងការតាំងបង្ហាញមនុស្សយន្តពិភពលោកប្រចាំឆ្នាំ២០២៣ នេះ គេបានបង្ហាញមនុស្សយន្តជាច្រើនប្រភេទ ដូចជា ដៃមនុស្សយន្តដំឡើងរថយន្ត និងឆ្កែយន្ត ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែសីហា នៅទីក្រុងប៉េកាំង ប្រទេសចិន ៕ ប្រភព ៖ TNN World










