ថ្មីៗនេះមាននារីជាជនបរទេសដ៏ស្រស់ស្អាតម្នាក់បានចេញមុខនិងកោតសរសើរពីទឹកចិត្ត ប្រជាជនកម្ពុជា និងតំបន់ទេសចរណ៍ធម្មជាតិមិនដាច់ពីមាត់ ជាពិសេសថែមទាំងបានសន្យាជួយប្រម៉ូតស្រុកខ្មែរឱ្យភ្ញៀវទេសចរដទៃទៀតមកកម្សាន្តឱ្យបានកាន់តែច្រើន ស្របពេលភ្លៀវទេសចរខ្លះហាក់មើលរំលងពីប្រទេសកម្ពុជា។
តាមរយៈវីដេអូមួយនៅលើគណនីទិកតុកឈ្មោះថា Callheroppa និងមានគណនី IG ឈ្មោះ jessicagoudy បានបង្ហោះវីដេអូកាលពីពេលថ្មីៗនេះដោយបាននិយាយពីប្រទេសកម្ពុជាផងដែរ។ នារីជនបរទេសរូបនេះបានឱ្យដឹងថា មនុស្សភាគច្រើនដែលមកកម្សាន្តនៅតំបន់អាស៊ីអាគ្នេហ៍ចង់សម្តៅទៅប្រទេសវៀតណាម និងថៃ ឬប្រទេសផ្សេងដែលមានសម្រស់ស្រស់ស្អាត ប៉ុន្តែបែរមើលរំលងប្រទេសកម្ពុជាទៅវិញ។ តាមរយៈបទពិសោធរបស់ខ្លួនដែលទើបមកពីកម្សាន្តនៅប្រទេសកម្ពុជា Jessica បានឱ្យដឹងថាប្រទេសកម្ពុជាធ្វើឱ្យនាងផ្លាស់ប្តូរការគិតបានច្រើនណាស់។
នារីរូបនេះបន្តថា អ្វីដែលខ្លួនចាប់ចិត្តមកលើប្រទេសកម្ពុជានោះគឺភាពរួសរាយរបស់ប្រជាជនកម្ពុជាមកលើជនបរទេស ដោយបានផ្តល់ស្នាមញញឹមហើយខ្លួនទទួលបានបទពិសោធដែលមិនធ្លាប់ទទួលបានពីមុនមកឡើយ។ ទេសចរអាម៉េរិករូបនេះ បានឱ្យដឹងថានាងធំធាត់នៅប្រទេសអាម៉េរិកហើយផ្លាស់ទៅរស់នៅប្រទេសកូរ៉េ រស់នៅមានម៉ាស៊ីនត្រជាក់រស់នៅមានអាហារល្អៗសម្រាប់ខ្លួនឯង តែពេលបានមកកម្ពុជាបានដឹងពីរសជាតិជីវិតបន្ថែមទៀតពីជីវិតព្រោះបានឃើញអ្នកមួយចំនួនមិនបានរស់នៅស្រណុកស្រុកស្រួលដូចខ្លួនឡើយ។
Jessica បានបន្តទៀតថា តំបន់ទេសចរណ៍របស់កម្ពុជាពិតជាស្រស់ស្អាតខ្លាំងជាក់ស្តែងដូចជាតំបន់រមណីដ្ឋានអង្គរជាដើមដែលមានសម្រស់ស្រស់ស្អាតខ្លាំងតាមបែបធម្មជាតិដោយមិនមានការកែច្នៃដូចតំបន់ទេសចរណ៍ដទៃឡើយ ហើយភ្ញៀវទេសចរនានាពុំគួររំលងប្រទេសខ្មែរឡើយ និងបានសន្យាថានឹងជួយប្រូម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនដើម្បីរួមចំណែកឱ្យប្រជាជននៅតំបន់ទេសចរណ៍កាន់តែទទួលបានប្រាក់ចំណូលផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ។
ជនបរទេសដ៏គួរឱ្យស្រលាញ់រូបនេះបានបន្ថែមទៀតថា នាងបានសិក្សាស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាបានច្រើន ព្រមទាំងសន្យាថាព្យាយាមជួយប្រូម៉ូតប្រទេសខ្មែរឱ្យបានកាន់តែទូលំទូលាយមានអ្នកមកកម្សាន្តឱ្យបានកាន់តែច្រើន៕










