នៅក្នុងប្រទេសកម្ពុជាយើង មានខេត្តជាប់សមុទ្រចំនួន៤ ដែលរួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។
នៅក្នុងនោះ ខេត្តទាំង៤នេះ មានឆ្នេរសមុទ្រលាតសន្ធឹងរហូតដល់៤៤០ គីឡូម៉ែត្រ ហើយក្នុងនោះខេត្តកោះកុងគឺជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេនៅកម្ពុជា ពោលមានប្រវែង២១៥ គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។
ក្រៅពីមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតវែងជាងគេហើយនោះ ខេត្តនេះ ក៏មានកោះធំជាងគេនៅកម្ពុជាផងដែរ គឺកោះកុងក្រៅ ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង៧ គីឡូម៉ែត្រ បណ្តាយប្រហែល២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។
មួយរយៈចុងក្រោយនេះ ឆ្នេរសមុទ្រខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់ និងជាតំបន់មានសក្តានុពលមួយ ជួយពន្លឿនសេដ្ឋកិច្ចខេត្ដ និងទាក់ទាញភ្ញៀវទេសចរណ៍មិនចេះដាច់។
សូមបញ្ជាក់ផងដែរថា ខេត្តកោះកុង គឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃចង្វាតត្រាច(ខេត្តត្រាច)ប្រទេសថៃ៕










