នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែលប្រមូលបានបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានពន្ធដារនៅលើបណ្តាញសង្គមថ្ងៃទី១៧ សីហា។

ជាមួយគ្នានេះដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្តរក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណាដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីសម្រាប់ហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់៕