មានកោះជាច្រើននៅជុំវិញពិភពលោកដែលជាទីកន្លែងគួរឱ្យចង់ទៅដើរលេងកម្សាន្ត និងទស្សនា ក៏ប៉ុន្តែមានកោះខ្លះ ត្រូវបានហាមឃាត់ និងមានគ្រោះថ្នាក់ជាងគេផងដែរ។
ជាក់ស្តែងដូចកោះ Bikini Atoll ដែលជាកោះផ្កាថ្មមួយ ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឯករាជ្យ Marshall islands។
កាលដើមឡើយកោះនេះ មានទេសភាពស្រស់ស្អាត និងទឹកថ្លាឈ្វង់មើលឃើញដល់បាត ក៏ប៉ុន្តែនៅក្នុងចន្លោះឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥៨ កោះនេះត្រូវបានអាមេរិកធ្វើការតេស្តសាកល្បងអាវុធប្រល័យនុយក្លែអ៊ែរ ដែលបានបង្កើតជាវិទ្យុសកម្មខ្ពស់ ប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វជាច្រើនប្រភេទ ជាពិសេសជីវចម្រុះក្នុងសមុទ្របាតពុល និងជាវិទ្យុសកម្មនេះ ដែលធ្វើឱ្យកោះនេះ ពិបាកក្នុងការរស់នៅ។
គ្រានោះអាមេរិក ធ្វើការតេស្តសាកល្បងរហូតដល់២៤លើកឯណោះ ដោយបែកចែកជា៤ គឺ
- បំផ្ទុះនៅលើផ្ទៃសមុទ្រ
- បំផ្ទុះក្រោមបាតសមុទ្រ
- បំផ្ទុះនៅលើថ្មប៉ប្រះទឹក
- និងបំផ្ទុះនៅលើផ្ទៃអាកាស

ក្រោយពីការធ្វើតេស្តសាកល្បងបានជោគជ័យនៅឆ្នាំ១៩៨៧ រដ្ឋាភិបាលអាមេរិក បានប្រកាសឱ្យប្រជាជនទៅរស់នៅលើកោះនេះវិញ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្របើជ្រាវឃើញថាកោះនេះ នៅតែមានេះជាតិវិទ្យុសកម្មខ្ពស់ដដែល បើទោះបីជាវារំលងផុតប្រមាណជា៥០ឆ្នាំក៏ដោយ។
បច្ចុប្បន្ន កោះនេះបានបើកឱ្យភ្ញៀវទេសចរណ៍ទៅទស្សនាធម្មតា ក៏ប៉ុន្តែយោងតាមរបាយការណ៍អាមេរិកបានឱ្យដឹងថា ជាមធ្យមភ្ញៀវទេសចរណ៍ទៅទស្សនាកោះនេះមានមិនដល់១០នាក់នោះទេ ដែលធ្វើឱ្យកោះនេះហាក់បីដូចជាកោះ ត្រូវបានគេបោះបង់ចោល៕










