រាជធានីបាងកក៖ ចាប់តាំងពីការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ប្រទេសថៃ នៅតែបន្ដជាប់គាំងខាងនយោបាយ ស្របពេលគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលមានអាសនៈសភាច្រើនជាងគេ បានប្រកាស មិនបោះឆ្នោត គាំទ្រដល់គណបក្សភឿថៃ ក្រោយពេលអតីតសម្ពន្ធភាពរបស់ខ្លួនងាកទៅចងសម្ពន្ធភាពថ្មី ជាមួយនឹងគណបក្សនយោបាយជាច្រើន គាំទ្រដោយយោធា។
សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ នៅថ្ងៃពុធ ទី១៦ ខែសីហា ថា គណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលបានឈ្នះការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ បានបដិសេធបោះឆ្នោតគាំទ្រគណបក្សភឿថៃ ជាអតីតដៃគូ ដែលកំពុងតែព្យាយាម បង្កើតរដ្ឋាភិបាលថ្មី។ សកម្មភាពបែបនេះនឹងធ្វើឲ្យខូចខាតដល់ទ្រង់ទ្រាយលទ្ធផលបោះឆ្នោត ព្រោះវាប្រឆាំងនឹងឆន្ទៈរបស់សាធារណជន។
គណបក្សឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃទី១៤ ខែឧសភា ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈគណបក្សភឿថៃ បានឈ្នះលំដាប់លេខ២។ គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានផ្ដួលគូប្រជែងដ៏សំខាន់ ដែលជាគណបក្សអភិរក្សនិយម។ ជ័យជម្នះនេះ បានបង្ហាញ ថា ប្រជាជនថៃ បដិសេធនឹងរដ្ឋាភិបាល ដែលដឹកនាំ ឬ គាំទ្រដោយពួកយោធា គ្រប់គ្រប់ប្រទេសថៃ អស់រយៈពេល៩ឆ្នាំកន្លងមកនេះ។
ក្រោយពេលទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលរួចមក គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ ក៏បានចងសម្ពន្ធភាពជាមួយនឹងគណបក្ស ចំនួន៦ផ្សេងទៀត ព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ ប៉ុន្ដែសម្ពន្ធភាពរបស់គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានដួលរលំទៅវិញ ក្រោយពេលសមាជិកសភា មកពីគណបក្សនយោបាយ គាំទ្រដោយយោធា និង សមាជិកព្រឹទ្ធសភា ដែលត្រូវបានពួកយោធាតែងតាំង មិនបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) មេដឹកនាំគណបក្សឆ្ពោះទៅមុខ ចំនួន២ដង កាលពីខែមុន។
បច្ចុប្បន្ន ប្រទេសថៃ កំពុងតែស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះ អស់រយៈពេល៥ខែកន្លងមកហើយ ខណៈគណបក្សឆ្ពោះទៅមុខ បានប្រកាសមិនគាំទ្រ ដល់បេក្ខភាពនាយករដ្ឋមន្រ្ដី មកពីគណបក្សភឿថៃ។ ដូច្នេះ ការជាប់គាំងខាងនយោបាយរបស់ប្រទេសថៃ អាចនឹងបន្ដអូសបន្លាយ ពេលជាច្រើនខែ បន្ដទៅមុខបន្ថែមទៀត។
លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការ គណបក្សឆ្ពោះទៅមុខ បានថ្លែង ទៅកាន់សន្និសីទសារព័ត៌មាន ថា «ឥឡូវនេះ ការបង្កើតរដ្ឋាភិបាល មិនមែនឆ្លុះបញ្ចាំង អំពីសំឡេងរបស់ប្រជាពលរដ្ឋនោះឡើយ… ហើយវាកំពុងតែបំភ្លៃឆន្ទៈរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោត»។
គណបក្សភឿថៃ ដែលមានបទពិសោធន៍ច្រើនខាងនយោបាយ ត្រូវបានក្រុមអ្នករិះគន់ ចោទប្រកាន់អំពីការជំរុញចលនាឆ្ពោះទៅមុខ ដើម្បីធានា ថា គណបក្សនេះ នឹងដឹកនាំរដ្ឋាភិបាល។
គណបក្សភឿថៃ បានលើកឡើង ថា គណបក្សភឿថៃ បានបោះបង់នូវការគាំទ្ររបស់ខ្លួន ដោយសារតែយល់ឃើញ ថា គណបក្សឆ្ពោះទៅមុខ នឹងនៅតែមិនអាចទទួលបានការគាំទ្រពីសភាទាំង២ ដែលប្រឆាំងនឹងការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានគេស្គាល់ ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ៕










