កាលពីវេលាម៉ោងជាង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។
ក្រោយតែពីទទួលបានដំណឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន អធិការរងនគរបាលខណ្ឌចំការមន ដែលបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋនោះយកមក អនុវត្តតាមច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លោកក៏បានសង្កត់ធ្ងន់ថា៖”ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់”៕











