Lisa សមាជិក BLACKPINK ជាក្រុមចម្រៀងនារី K-pop ដ៏ល្បីត្រូវបានជ្រើសរើសជា«Cultural Icon» (និមិត្តរូបវប្បធម៌) នៅក្នុង Asian Hall of Fame នៅខែតុលា ឆ្នាំ២០២៣ នេះជាមួយតារាជួរមុខធំៗមានដូចជា Freddie Mercury និង Johnny Cash រួមជាបុគ្គលមានឥទ្ធិពលផ្សេងទៀតដូចជាម្ចាស់ពានរង្វាន់អូស្កាជាដើម។
Asian Hall of Fame ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយមូលនិធិ Robert Chinn ។សាលកិត្តិនាមអាស៊ីនេះជាពានរង្វាន់តែមួយគត់របស់ពិភពលោកដើម្បីជំរុញភាពជាអ្នកដឹកនាំអាស៊ីផ្តល់សិទ្ធិអំណាចដល់ស្ថាបនិកស្ត្រី ផ្សព្វផ្សាយខ្លឹមសារឆ្លងវប្បធម៌ និងពង្រីកច្បាប់។ សាលកិត្តិនាមអាស៊ីឆ្នាំ ២០២៣ មិនត្រឹមតែកំណត់ចំពោះតន្ត្រីករប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលមនុស្សសំខាន់ៗទាំងអស់មកពីគ្រប់ឧស្សាហកម្ម និងគ្រប់មជ្ឈដ្ឋាន ដូចជាអ្នកជំនួញ ស្ថាបនិកស្ត្រី សិល្បករ និងបុគ្គលមានឥទ្ធិពលផ្សេងទៀត។ ខណៈឆ្នាំនេះមានមនុស្សចំនួន ១៦ នាក់កំពុងត្រូវបានដាក់បញ្ចូលរួមជាមួយនឹងការបញ្ចូលបន្ទាប់បន្សំចំនួន ៤បន្ថែមទៀត។
Lisa មានឈ្មោះពិត Lalisa Manoban គឺជាតារាK-Pop ល្បីឈ្មោះនៅក្នុងក្រុម BLACKPINK មានដើមកំណើតនៅប្រទេសថៃក៏ត្រូវជ្រើសរើសក្នុងកម្មវិធីឆ្នាំនេះផងដែរជាមួយបុគ្គលល្បីៗផ្សេងទៀតសម្រាប់តួនាទីរបស់នាងជា «និមិត្តរូបវប្បធម៌» ឬ «Cultural Icon» ។
គួរបញ្ជាក់ថា ពិធីខាងលើនេះគ្រោងធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Biltmore ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក៕










