សារព័ត៌មានបរទេសបានចុះផ្សាយថា មានការចែកចាយរឿងរ៉ាវរបស់បុរសម្នាក់នៅក្នុងបណ្តាញសង្គម ក្រោយពីបុរសរូបនេះជឿលើពាក្យសម្តីឃោសនារបស់អ្នកលក់ ហើយគាត់ក៏បានសម្រេចចិត្តទិញខ្នុរផ្អែម និងគ្មានគ្រាប់ ។ ប៉ុន្តែនៅពេលគាត់ពុះខ្នុរនេះឃើញថា គាត់ស្រឡាំងកាំងតែម្តង ព្រោះវាដូចគ្នានឹងពាក្យសម្តីរបស់អ្នកលក់និយាយមែន ។
បុរសរូបនេះបានសម្រេចចិត្តទិញផ្លែខ្នុរពីអ្នកលក់ម្នាក់ ក្រោយពីគាត់បានស្តាប់ពាក្យសម្តីឃោសនា និងជឿថា ខ្នុរនេះគ្មានគ្រាប់ទេ ហើយវាផ្អែមឆ្ងាញ់ខ្លាំងណាស់ ។ ក្រោយមក ពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានពុះខ្នុរភ្លាមៗដើម្បីបរិភោគ ហើយសង្ឃឹមថា នឹងបានឃើញសាច់របស់វាពណ៌លឿង តាមអ្វីដែលអ្នកលក់ប្រាប់ ។ ប៉ុន្តែបន្ទាប់ពីគាត់បានពុះខ្នុររួច ស្រាប់តែគាត់មានទឹកមុខស្លេកទៅវិញ ការពិត ខ្នុរដែលបានឃើញផ្ទាល់ភ្នែកនេះ ខុសគ្នាពីអ្វីដែលបានគិត ព្រោះខ្នុរនេះមិនត្រឹមតែគ្មានគ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគ្មានសាច់ឱ្យគាត់បរិភោគសោះ ។ ពេលនោះ គាត់បានត្រឹមតែឈរស្ងៀម និងសម្លឹងមើលខ្នុររឹងទាំងនេះ ។
ក្រោយពីរឿងរ៉ាវនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចូលមកបញ្ចេញយោបល់ ។ មនុស្សខ្លះឃើញហើយបានអាណិតអាសូរបុរសរូបនេះ ប៉ុន្តែពួកគេមិនអាចទប់សំណើចបាន នៅពេលឃើញខ្នុរពិតប្រាកដ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «គាត់អាចគិតមិនដល់ថា ខ្នុរដែលមានរូបរាងខាងក្រៅស្អាត ប៉ុន្តែផ្នែកខាងក្នុង បែរជាគ្មានសាច់សូម្បីតែបន្តិច» ៕ ប្រភព ៖ Thai news











