កូរ៉េខាងត្បូង៖ យោងតាមប្រភពព័ត៌មាន AI Bawaba ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែសីហា ថា ថ្មីៗនេះនៅក្នុងបណ្តាញសង្គម X ដែលជាអតីត Twitter មានគណនីយមួយដែលមានឈ្មោះថា Pop Crave បានធ្វើការផុសរូប LISA BLACKPINK ដោយភ្ជាប់ពាក្យថា “Lisa សមាជិកក្រុម Blackpink មើលទៅពិតជាអស្ចារ្យណាស់ក្នុងរូបថតថ្មីនេះ”។
បន្ទាប់មកក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅផ្តល់មតិសសើរ ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា មានគណនីយផ្លូវការមួយរបស់ក្រុមនារី New Jeans ដែលមានឈ្មោះថា New Jeans Global បានចូលទៅផ្ដល់មតិនៅក្នុងគណនីយ Pop Crave ដែលបានបង្ហោះរូប LISA ដោយភ្ជាប់ពាក្យថា “នាងមើលទៅអាក្រក់ណាស់” និងបន្ថែម emojis ដែលមិនសមរម្យទៀតផង។
ភ្លាមៗនោះអ្នកគាំទ្រជាច្រើនបានប្រតិកម្មទៅលើគណនីយ New Jeans Global ដោយស្នើឱ្យក្រុមចម្រៀង New Jeans ធ្វើការសូមទោស LISA BLACKPINK ជាសារធារណៈ។ មិនយូរប៉ុន្មាន គណនីយផ្លូវការរបស់ New Jeans Global បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាគណនីរបស់ពួកគេត្រូវបាន Hack ហើយពួកគេមិនមានអ្វីពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ LISA BLACKPINK នោះទេ ដោយឥឡូវនេះយើងបានធ្វើការផ្លាស់ប្តូរលេខសម្ងាត់របស់យើងហើយ។
គណនីយផ្លូវការរបស់ក្រុមចម្រៀង New Jeans ក៏បានបន្តទៀតថា វាជាការធ្វេសប្រហែស ហើយក្រុមការងាររបស់យើងពិតជាសូមទោសមែន ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រ New Jeans៕










