ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅឃុំខោហ៊ិនសន ស្រុកផានុមសារ៉ាខាម ខេត្តឆាក់ឈើងឆៅ បានប្រទះឃើញព្រះសង្ឃ និងលោកនេនប្រមាណ១០អង្គ ព្រមទាំងក្មេងវត្តផងដែរ បានដើរនៅតាមផ្លូវមួយកន្លែងឆ្ពោះទៅកាន់ទីក្រុងបាងកក ។ ព្រះសង្ឃទាំងនេះបានយករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមកជាមួយដែរ ដូចជា បាត្រលោក និងកង្ហារ ។

តាមការសាកសួរទៅកាន់ព្រះសង្ឃ១អង្គព្រះនាម Noppadon Suchato មានសង្ឃដីកាថា ៖ «អាត្មាធ្វើដំណើរមកពីវត្តមួយកន្លែងស្ថិតនៅឃុំខោហ៊ិនសន ស្រុកផានុម សារ៉ាខាម ដោយសារព្រះចៅអធិការវត្តនេះបាននាំកម្លាំងសមត្ថកិច្ចមកប្រាប់ឱ្យព្រះសង្ឃចេញពីវត្ត ។ ការបណ្តេញចេញនេះ ដោយសារអាត្មានាំគ្នាតវ៉ាចៅអធិការវត្ត និងខាងព្រះសង្ឃថ្នាក់ស្រុក អំពីរឿងចៅអធិការវត្តមានអាកប្បកិរិយាមិនសមរម្យ ហើយគ្មានភាពយុត្តិធម៌សម្រាប់ព្រះសង្ឃផ្សេងទៀតដែលគង់ក្នុងវត្តនេះ ។ ដូច្នេះ ព្រះសង្ឃក៏នាំគ្នាចេញពីវត្តតាមការបណ្តេញចេញ ដោយបារម្ភថា គ្មានសុវត្ថិភាព ព្រោះចៅអធិការវត្តខាងលើមានឥទ្ធិពលខ្លាំង» ។

ព្រះសង្ឃ១អង្គទៀតមានសង្ឃដីកាថា កាលពីឆ្នាំ២០២២ ព្រះចៅអធិការវត្តបានទទួលប្រាក់ពីបុណ្យកឋិនប្រាណ៣សែនបាត ហើយចៅអធិការវត្តរូបនេះបានចេញពីវត្តអស់៧ខែ ទៅ៨ខែ ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០២៣ ព្រះចៅអធិការវត្តក៏ត្រឡប់មកវត្តវិញ ប៉ុន្តែព្រះសង្ឃគង់ក្នុងវត្តមិនព្រមទទួលស្គាល់ជាចៅអធិការវត្តទៀតទេ ។ ដូច្នេះ ក៏បាននាំគ្នាទៅតវ៉ាព្រះសង្ឃថ្នាក់សង្កាត់ នៅរសៀលថ្ងៃទី៩ ខែសីហា ប៉ុន្តែពេលល្ងាច ស្រាប់តែមានការបញ្ជូនលិខិត១ច្បាប់ពីព្រះសង្ឃថ្នាក់ខេត្តចុះហត្ថលេខាថា ឱ្យបណ្តេញព្រះសង្ឃ និងលោកនេនចេញពីវត្ត ។

ព្រះសង្ឃខាងលើបន្តថា ៖ «ព្រះចៅអធិការវត្តបាននាំមន្ត្រីសមត្ថកិច្ចមកដល់វត្ត ហើយសមត្ថកិច្ចប្រាប់ថា អាស្រ័យលើចៅអធិការវត្តថា នឹងឱ្យព្រះសង្ឃចេញពីវត្ត ឬនៅវត្តបន្តទៀត ប៉ុន្តែចៅអធិការវត្តបានឱ្យពួកអាត្មាចេញពីវត្ត ។ ពួកអាត្មាបានសុំពេលមួយរយៈ ព្រោះវាជាពេលចូលវស្សា ប៉ុន្តែចៅអធិការវត្តទុករយៈពេលត្រឹមថ្ងៃទី១០ ខែសីហា នៅវេលាថ្ងៃត្រង់ បើមិនដូច្នោះទេ នឹងចាត់វិធានការតាមច្បាប់ពីបទបំពាន» ។

ព្រះសង្ឃដដែលបន្ថែមថា ៖ «អាត្មាមិនយល់ថា តើពួកអាត្មាបំពានយ៉ាងម៉េចទៅ ព្រោះអាត្មាបានបួសជាព្រះសង្ឃអស់រយៈពេល៧ឆ្នាំហើយនៅវត្តនេះ គ្រាន់តែនាំគ្នាតវ៉ាសោះ ក៏ត្រូវបណ្តេញចេញពីវត្ត ។ រីឯមន្ត្រីប៉ូលិសមិនបានសាកសួរអ្វីឡើយ ហើយពួកគេគិតតែពីបណ្តេញពួកអាត្មាតែម្យ៉ាង មិនសួររកហេតុផលមួយម៉ាត់សោះ ។ ពួកគេប្រាប់ត្រឹមថា បានទទួលបញ្ជានេះពីព្រះសង្ឃថ្នាក់ខេត្ត» ។

តាមការពិនិត្យជាក់ស្តែងឃើញថា មានព្រះសង្ឃ៣អង្គ លោកនេន៥អង្គ និងក្មេងវត្តម្នាក់ទៀត ត្រូវបានចៅអធិការបណ្តេញចេញពីវត្ត ។ ចំណែកនៅក្នុងវត្តពេលនេះ មានតែព្រះចៅអធិការវត្ត១អង្គ និងលេខា២នាក់ប៉ុណ្ណោះ ។ បន្ទាប់ពីនេះ ព្រះសង្ឃព្រះនាម Noppadon Suchato ត្រូវស្វែងរកវត្តផ្សេងឱ្យព្រះសង្ឃគ្រប់អង្គស្នាក់នៅសិន ទើបដំណើរការទាមទាររកយុត្តិធម៌ ព្រោះបច្ចុប្បន្ន គឺជាពេលចូលវស្សា ៕ ប្រភព ៖ khaosod