នៅថ្ងៃទី៨ សីហា នេះបុរសដែលគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត ឈ្មោះថា ឃី ឆាយឡេង បានចេញមកសូមទោសជាលើកទី២អមជាមួយលិខិតស្នាមលាយលក្ខណ៍អក្សរបញ្ជាក់ទៅកាន់តារាចម្រៀងរូបនេះនិងអ្នកគាំទ្ររបស់គេ ដោយសន្យាថានឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀតរូបគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នៅលើបណ្តាញសង្គមឈ្មោះ Chhayleng KHY បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ ឃី ឆាយឡេង ជាម្ចាស់គណនីហ្វេសបុក ( Facebook) ឈ្មោះ Chhayleng KHY សូមធ្វើការទទួលនូវកំហុសគ្រប់យ៉ាងដែលខ្ញុំបាទបានប្រព្រឹត្តទៅលើលោក ងួន ចាន់ដាវីត (Dit Way) និងធ្វើការសុំទោសជាសាធារណៈតាមរយះលិខិតលាយលក្ខណ៍អក្សរនេះដល់លោក ងួន ចាន់ដាវីត (Dit Way) និងអ្នកគាំទ្ររបស់លោក ព្រមទាំងសិល្បករ សិល្បការិនី នៅក្នុងវិស័យសិល្បៈទាំងមូល។ ខ្ញុំបាទសូមធ្វើការអះអាង និងសន្យាថា ខ្ញុំបាទនឹងឈប់ប្រព្រឹត្តអំពើអសីលធម៌ដែលប្រាសចាកសេចក្តីថ្លៃថ្នូរទាំងឡាយដែលជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិទោះក្នុងកាលៈទេសៈណាក៏ដោយ ប្រសិនបើក្នុងករណីមានទង្វើបែបនេះកើតឡើងបន្តទៀត ខ្ញុំបាទនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយលិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់ខ្ញុំបាទផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំនិងគំរាមកំហែងពីអ្នកណាឡើយ។ ខ្ញុំអរគុណដល់ លោកដាវីដ អ្នកនាងបូព្រឹក្ស និងក្រុមការងាររបស់គាត់ដែលបានអនុគ្រោះដល់រូបខ្ញុំបាទ »។
នៅក្នុងលិខិតស្នាមនោះ ក៏បានបញ្ជាក់ដែរថាការដែលលោកបានគប់ទឹកកកដាក់តារាចម្រៀង ជី ដេវីត អំឡុងពេលសម្តែងនៅក្នុងក្លិបកម្សាន្តនៅខេត្តព្រះសីហនុនោះដោយសារតែរូបគេស្រវឹងខ្វះសមត្ថភាពក្នុងការពិចារណា និងគ្រប់គ្រងខ្លួនឯង។ បុរសរូបនេះបន្ថែមថា លិខិតនេះត្រូវបានធ្វើឡើងដោយឆន្ទៈ និងស្មារតីទទួលកំហុសរបស់រូបគេផ្ទាល់ ដោយគ្មានការបង្ខិតបង្ខំ និងគំរាមកំហែងពីអ្នកណាឡើយ៕  
		
	









