ប្រទេសថៃ ៖ សារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថា ពេលនេះ គឺជាអំឡុងពេលមុនថ្ងៃទិវាម្តាយនៅប្រទេសថៃ ត្រូវនឹងថ្ងៃទី១២ ខែសីហា ហើយជារៀងរាល់ឆ្នាំ ផ្កាម្លិះនឹងមានតម្លៃខ្ពស់ខ្លាំង ។ នៅឆ្នាំ២០២៣ ក៏ដូចរៀងរាល់ឆ្នាំដែរ គេសង្កេតឃើញថា តម្លៃផ្កាម្លិះនៅតាមហាងលក់ផ្កាផ្សេងៗចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេស នៅហាងលក់ផ្កាក្នុងខេត្តពិស្នុលោក ។JASMINE Nature's Beauty

នៅថ្ងៃទី៩ ខែសីហា តម្លៃផ្កាម្លិះបានកើនឡើងពី៦០០បាតក្នុង១គីឡូក្រាម មកស្មើនឹង៨០០បាតក្នុង១គីឡូក្រាម ដោយសារផ្កាម្លិះនៅតាមសួននានាចេញផ្កាតិច និងជួបបញ្ហាជំងឺផ្សិតក្នុងរដូវវស្សា ទើបធ្វើឱ្យតម្លៃកើនឡើង ។ អាជីវករលក់ផ្កាបានអង្គុយក្រងកម្រងផ្កាម្លិះក្នុងទំហំផ្សេងៗគ្នាសម្រាប់លក់ឱ្យអតិថិជន ហើយផ្កាម្លិះទាំងនេះមានតម្លៃចាប់ពី១០បាតក្នុង១ដុំ រហូតដល់៣៥០បាតក្នុង១ដុំ គឺអាស្រ័យលើទំហំផ្កាតូច ឬធំ ។

លោក សង់ក្រាន ខាឆាណាន់ (Songkran Kachanan) ជាអាជីវករលក់ផ្កាស្រស់និយាយថា នៅថ្ងៃទិវាម្តាយឆ្នាំនេះ ផ្កាម្លិះនឹងឡើងថ្លៃរហូតដល់១.៥០០បាតក្នុង១គីឡូក្រាម ។ មូលហេតុដែលវាឡើងថ្លៃខ្ពស់ ដោយសារឆ្នាំនេះ ផ្កាមិ្លះដែលបញ្ជូនពីចម្ការមានបរិមាណតិច ខណៈនៅប្រទេសថៃមានភ្លៀងធ្លាក់គ្រប់ពេលវេលា ទើបធ្វើឱ្យផ្កាម្លិះងាយកើតជំងឺផ្សិត ។ ប៉ុន្តែបើនៅរដូវត្រជាក់វិញ ផ្កាមិ្លះនឹងមានតម្លៃរហូតដល់៣.០០០បាតឯណោះក្នុង១គីឡូក្រាម ។

ចំណែកកសិកររស់នៅខេត្តខុនកែន បាននាំគ្នាបេះផ្កាម្លិះពីក្នុងចម្ការ បន្ទាប់មក ពួកគេអង្គុយក្រងជាកម្រងផ្កាទុកលក់ក្នុងថ្ងៃទិវាម្តាយ និងសម្រាប់អតិថិជនដែលកុម្ម៉ង់ទិញផងដែរ ។ កសិករដាំផ្កាម្លិះម្នាក់និយាយថា មានអតិថិជនកុម្ម៉ង់ទិញកម្រងផ្កាម្លិះចំនួន២០០ភួង ប៉ុន្តែកាលពីដើមខែសីហានេះ មានភ្លៀងធ្លាក់ញឹកញាប់ ទើបធ្វើឱ្យផ្កាម្លិះកើតជំងឺផ្សិត ហើយដើមខ្លះរលួយស្អុយ ។Phuang Malai" Images – Browse 104 Stock Photos, Vectors, and Video | Adobe  Stock

អ៊ំស្រី សមប៊ូន អាំផៃវង្ស (Somboon Ampaiwong) អាយុ៦២ឆ្នាំ ជាកសិករដាំផ្កាមិ្លះនៅខេត្តខុនកែន រៀបរាប់ថា គាត់បានដាំផ្កាម្លិះនៅលើផ្ទៃដី១រ៉ៃ ហើយក្រុមគ្រួសារគាត់បានលក់ផ្កាម្លិះនៅផ្សារដោយខ្លួនឯង ។ នៅឆ្នាំនេះ ផ្កាម្លិះមានតម្លៃខ្ពស់ គឺ១.០០០បាតក្នុង១គីឡូក្រាម ហើយគាត់សង្ឃឹមថា នៅថ្ងៃទិវាម្តាយ តម្លៃនឹងកើនឡើងដល់១.៥០០បាតក្នុង១គីឡូក្រាម ។

អ៊ំស្រី សមប៊ូន អាំផៃវង្ស និយាយថា ៖ «មូលហេតុធ្វើឱ្យផ្កាម្លិះមានតម្លៃខ្ពស់ ព្រោះជិតដល់ថ្ងៃទិវាម្តាយ ហើយមានតម្រូវការច្រើន ។ ពេលធម្មតា វាមានតម្លៃត្រឹម៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្តែពេលនេះ មានអ្នកកុម្ម៉ង់ទិញច្រើន ។ ទោះយ៉ាងណា កសិករជួបឧបសគ្គដោយសារភ្លៀងធ្លាក់មិនឈប់ឈរ ហើយធ្វើឱ្យផ្កាម្លិះស្អុយ» ៕ ប្រភព ៖ khaosod