ប្រទេសថៃ ៖ ប្រទេសថៃបានទទួលផលប្រយោជន៍ច្រើន ខណៈប្រទេសឥណ្ឌាបញ្ឈប់ការនាំចេញអង្ករទៅក្រៅប្រទេស ពីព្រោះឥណ្ឌាត្រូវគ្រប់គ្រងតម្លៃម្ហូបអាហារនៅក្នុងប្រទេសរបស់ខ្លួន ដែលបានកើនឡើងខ្ពស់ ។ ឥណ្ឌាបានអនុវត្តនូវវិធានការបញ្ឈប់ការនាំចេញអង្ករទៅក្រៅប្រទេសភ្លាមៗដើម្បីឱ្យមានទំនុកចិត្តថា ប្រទេសឥណ្ឌានឹងអាចដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឱ្យពួកគេមានអង្ករបរិភោគគ្រប់គ្រាន់ ។
លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានលើកឡើងថា រដ្ឋាភិបាលនឹងធ្វើយ៉ាងណា ឱ្យប្រទេសថៃមានទិន្នផលស្រូវគ្រប់គ្រាន់សម្រាប់ឱ្យពលរដ្ឋក្នុងប្រទេសថៃបរិភោគ និងទុកនាំចេញទៅក្រៅប្រទេស ។ លើសពីនេះ រដ្ឋាភិបាលនឹងព្យាយាមគ្រប់គ្រងតម្លៃអង្ករនៅក្នុងប្រទេសថៃមិនឱ្យឡើងថ្លៃខ្ពស់ពេក ។
ចំណែកលោក Charoen Lao Thammathat នាយកសមាគមនាំចេញអង្ករថៃលើកឡើងថា ប្រទេសថៃបាននាំចេញអង្ករទៅក្រៅប្រទេស ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ។ ដូច្នេះ គេរំពឹងថា ប្រទេសថៃនឹងអាចនាំចេញអង្ករបានជាង៨លានតោននៅឆ្នាំ២០២៣ ដែលកើនឡើងពីចំនួន៧,៧១លានតោននៅឆ្នាំ២០២២ ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ ថៃបាននាំចេញអង្ករទៅក្រៅប្រទេស ចំនួន៤,៨លានតោន ដោយបានបង្កើនការនាំចេញប្រចាំខែពី៧សែនតោន ទៅ៨សែនតោន ។
នាពេលកន្លងមក តម្លៃអង្ករនៅប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលមកពីប្រទេសឥណ្ឌាបញ្ឈប់ការនាំចេញអង្ករ រួមទាំងប្រទេសថៃជួបគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូតអេលនីណូផងដែរ ។ ប៉ុន្តែវាជាសំណាងល្អ ពីព្រោះនៅឆ្នាំ២០២៣ នេះ ប្រទេសថៃមិនទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរប៉ុន្មានទេ ហើយប្រសិនបើទំនប់ទឹកនានាមានទឹកគ្រប់គ្រាន់សម្រាប់ឱ្យកសិករប្រើប្រាស់ធ្វើស្រែប្រាំង ដូច្នេះ ទិន្នផលស្រូវរបស់ថៃមិនជួបបញ្ហាច្រើនទេ ៕ ប្រភព ៖ beartai BRIEF










