ក្រសួងទេសចរណ៍ កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Samra Seaplane ទៅលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាស តាមរយៈយន្តហោះលើទឹកដំបូងបំផុតនៅកម្ពុជា។
លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ។
ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sandជាដើម។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកអគ្គនាយក នឹងស្នើសុំការគាំទ្រជាផ្លូវពីការឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះឱ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឱ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច៕