ជីវិតជាតារាចម្រៀងដែលមានភាពល្បីល្បាញខ្លាំងការរស់នៅក៏មិនមានភាពងាយស្រួលដែរមានគេចាំឃ្លាំងមើលគ្រប់សកម្មភាពមានសម្ពាធក៏ខ្លាំង មុននឹងធ្វើអ្វីមួយត្រូវមានការគិតច្រើនណាស់។ ជាការពិតទន្ទឹមនឹងមានការស្រលាញ់ ការស្អប់មិនពេញចិត្តក៏មានដូចគ្នាទោះបីជាតារានោះរះខ្ពស់កម្រិតណាសម្ពាធក៏ស្ពាយមកជាមួយដែរ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខទៅទស្សនាវដ្តីម៉ូដ W Korea Lisa សមាជិកក្រុម BLACKPINK បានទម្លាយទម្លាប់របស់នាងក្នុងរបត់ជីវិតជាតារាចម្រៀង K Pop ល្បីល្បាញទូទាំងពិភពលោក។
ខណៈពេលដែលនិយាយអំពីចំណុចរបត់ជីវិត Lisa ក៏បានបើកចំហរអំពីការរស់នៅតាមស្តង់ដារផ្ទាល់ខ្លួន និងរបៀបដែលនាងនៅតែមានភាពវិជ្ជមានជារៀងរាល់ថ្ងៃរក្សានូវផ្នត់គំនិតវិជ្ជមាន ហើយមិនចូលរួមក្នុងគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អនោះទេ។
«ខ្ញុំព្យាយាមមិនឱ្យមានអារម្មណ៍ថាជាប់ដោយគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អ។ ខ្ញុំក៏ព្យាយាមបំបែកគំនិតអវិជ្ជមានផងដែរដូចជាចោទសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍មិនល្អថ្ងៃនេះ?’ ឬនិយាយជាមួយខ្លួនឯងថា ‘អ្វីៗនឹងប្រសើរឡើង ប្រសិនបើខ្ញុំមានអារម្មណ៍ល្អជាងមុន»។ នេះជាសម្តីរបស់ Lisa នៅក្នុងបទសម្ភាសន៍។
បន្ថែមពីលើនោះ Lisa ក៏បានឱ្យដឹងទៀតថា ប្រសិនបើបញ្ហាមិនដំណើរការល្អ នាងនៅតែបន្តលើកទឹកចិត្តខ្លួនឯងហើយត្រលប់ទៅបាវចនាជីវិតបច្ចុប្បន្នរបស់នាងក្នុងស្ថានភាពលំបាកដោយប្រាប់ខ្លួនឯងថា «រឿងអាក្រក់អាចកើតឡើងនាងនឹងធ្វើបានល្អនៅពេលក្រោយ»។
«សូម្បីតែពេលដែលខ្ញុំមានអារម្មណ៍មិនល្អក៏ដោយ ខ្ញុំដឹងខ្លួនធ្វើឱ្យខ្លួនឯងមានអារម្មណ៍ប្រសើរឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំមិនចង់ឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួលដោយសារតែអារម្មណ៍អាក្រក់របស់ខ្ញុំ។ ប្រសិនបើវាកើតឡើង ខ្ញុំពិតជាមានអារម្មណ៍មិនល្អសម្រាប់អ្នកជុំវិញខ្លួនជាពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ»។ Lisa បានបញ្ជាក់បន្ថែម។
ជាមួយបទសម្ភាសនេះដែរ Lisa បានបង្ហាញថានាងកំពុងគិតគូរយ៉ាងម៉ត់ចត់អំពីជីវិតរបស់នាង និងរៀនពីរបៀបកំណត់អាទិភាពសុភមង្គលរបស់នាងដើម្បីកុំឱ្យពេលវេលាហួសទៅស្តាយនៅពេលក្រោយ៕










