ផលិតកម្ម YG Entertainment បានប្រកាសថាវីដេអូចម្រៀងរបស់ BLACKPINK គឺបទ «DDU-DU DDU-DU» មានអ្នកចូលទស្សនាលើយូធូបចំនួន ២.១ ពាន់លានដង គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
គិតមកទល់ពេលនេះបទខាងលើមានអាយុកាលប្រហែល៥ឆ្នាំនិង១ខែបន្ទាប់ពីMV នេះចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨។ ជាមួយតួលេខនេះ BLACKPINK បានបង្កើតកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួននោះគឺក្លាយជាក្រុមចម្រៀង K-pop ដំបូងគេដែលមានវីដេអូចម្រៀងទទួលបានអ្នកទស្សនារហូតដល់២.១ ពាន់លានដង។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ BLACKPINK ក៏ទើបបានបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅលើបណ្តាញសង្គមយូធូបដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។ ជាឆាណែលក្រុមចម្រៀង ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រយូធូប។
ទន្ទឹមនឹងការបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ខ្លួន គូសបញ្ជាក់ថា BLACKPINK ទើបតែបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» នៅតំបន់អាស៊ី ជាមួយនឹងការប្រគំតន្ត្រីដ៏ធំនៅទីក្រុងហាណូយនៅថ្ងៃទី ២៩- ៣០ ខែកក្កដា។ ជាបន្តទៀត BLACKPINK នឹងត្រលប់ទៅសហរដ្ឋអាម៉េរិកវិញនៅខែសីហា ដោយមានការប្រគំតន្ត្រីនៅទីក្រុងចំនួន៤ទៀតដើម្បីបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ពួកគេ៕










