ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបាននាំគ្នាចែកចាយវីដេអូខ្លាឃ្មុំ១ក្បាលនៅក្នុងសួនសត្វហាំងចូវ (Hangzhou) ដោយសារខ្លាឃ្មុំនេះបានធ្វើសកម្មភាពជាច្រើនយ៉ាងដូចមនុស្ស ។ មនុស្សជាច្រើននិយាយថា វាមិនមែនជាខ្លាឃ្មុំពិតប្រាកដទេ ប៉ុន្តែវាជាមនុស្សបន្លំខ្លួន ព្រោះស្បែកជ្រួញរបស់វាដូចគ្នានឹងសាច់ក្រណាត់បេះបិទ ។
មូលហេតុធ្វើឱ្យភ្ញៀវទេសចរ និងអ្នកលេងបណ្តាញសង្គមចិនសង្ស័យលើខ្លាឃ្មុំ១ក្បាលនេះ ពីព្រោះគេសង្កេតឃើញថា នៅពេលមួយ ខ្លាឃ្មុំនេះបានឈរជើង២ ហើយបានលើកជើងឡើងមក ហាក់ដូចជាចង់ស្វាគមន៍ភ្ញៀវទេសចរ ។ ក្រៅពីនេះ ស្បែករបស់វាមានសភាពជ្រីវជ្រួញដូចគ្នានឹងសម្លៀកបំពាក់ដែរ ។ សារព័ត៌មាន Hangzhou Deli ចុះផ្សាយថា អ្នកលេងបណ្តាញសង្គមមួយចំនួននិយាយថា តាមលក្ខណៈការឈររបស់វា តើវាជាមនុស្សស្លៀកពាក់ឈុតខ្លាឃ្មុំមកបន្លំខ្លួនមែនទេ ?
បុគ្គលិករបស់សួនសត្វបានបដិសេធនឹងការចោទប្រកាន់នេះ ហើយនិយាយថា ខាងសួនសត្វបានរៀបចំឱ្យអ្នកសារព័ត៌មានមកមើលខ្លាឃ្មុំ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងមក ។ ដូច្នេះ ក្រោយពីមានការផ្សព្វផ្សាយរូបខ្លាឃ្មុំ១ក្បាលដែលឈរត្រង់ខ្លួនបង្ហាញជើងវែងរបស់វា ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យថា ខ្លាឃ្មុំនៅសួនសត្វនេះ តើសត្វពិតប្រាកដឬក៏អត់ ?
លោក Jiang Zhi នាយករងសួនសត្វហាំងចូវ និយាយថា ៖ «ខ្លាឃ្មុំ១ក្បាលដែលបានល្បីល្បាញក្នុងបណ្តាញសង្គម គឺជាខ្លាឃ្មុំពិតប្រាកដ ហើយវាមិនមែនជាមនុស្សដូចអ្នកលេងបណ្តាញសង្គមលើកឡើងទេ ព្រោះតាមធម្មតា ខ្លាឃ្មុំភាគច្រើនអាចឈរដោយប្រើជើងខាងក្រោយបាន ។ ម្យ៉ាងទៀត នៅពេលមានសីតុណ្ហភាព៤០អង្សារសេបែបនេះ គ្មានអ្នកណាចង់ស្លៀកឈុតខ្លាឃ្មុំ ហើយចេញមកឈរនៅក្រោមកំដៅថ្ងៃក្តៅខ្លាំងទេ» ។
លោកបន្តថា ខ្លាឃ្មុំ១ក្បាលនេះរួសរាយរាក់ទាក់ជាមួយមនុស្ស វាធ្លាប់ល្បីល្បាញក្នុងបណ្តាញសង្គមនាពេលកន្លងមក ហើយវាចង់មានទំនាក់ទំនងជាមួយភ្ញៀវទេសចរក៏ថាបាន ។ បើយើងឱ្យអ្នកណាម្នាក់ស្លៀកឈុតមានរោមក្រាស់ៗបែបនេះក្នុងរដូវក្តៅ ពួកគេអាចស្លៀកឈុតនេះមិនលើសពី២នាទី ទៅ៣នាទីទេ គឺត្រូវដោះចេញ ហើយខាងសួនសត្វរបស់យើងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដូច្នេះ នឹងគ្មានរឿងបែបនេះកើតឡើងទេ ៕ ប្រភព ៖ khaochaobaan










