ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយដែលត្រូវបានគេចែកចាយនៅក្នុងបណ្តាញសង្គមទាំងពលរដ្ឋថៃ និងជប៉ុន នៅពេលជនជាតិជប៉ុនម្នាក់បានបង្ហោះរូបភាពរថភ្លើង KIHA 183 ដែលប្រទេសជប៉ុនបានបរិច្ចាគឱ្យថៃ ប៉ុន្តែរថភ្លើងនេះបានរត់នៅលើផ្លូវដែលពោរពេញទៅដោយសំរាមនៅសងខាង ។ ក្រោយពីមានការរិះគន់មក លោកអភិបាលក្រុងបាងកកបានណែនាំឱ្យមន្ត្រីនៅក្រោមបង្គាប់ចាត់ការសំរាមនេះ ដើម្បីឱ្យបរិយាកាសនៅសងខាងផ្លូវរថភ្លើងស្អាត ។

បរិវេណមានសំរាម គឺស្ថិតនៅត្រង់ទីប្រជុំជនឌែងបុង៉ា, បុណរុំសៃ និងសហគមន៍ផ្លូវដែកយមរ៉ាជ តំបន់រ៉ាជថេវី ឃ្វែងថុម ផាយ៉ាថៃ ទីក្រុងបាងកក ។ បន្ទាប់ពីរូបភាពរថភ្លើងបានបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គេក៏បានឃើញអាជ្ញាធរប្រចាំក្រុងបាងកករួមគ្នាមកប្រមូលសំរាមនៅជិតស្ថានីយរថភ្លើងផាយ៉ាថៃ និងបរិវេណនៅក្បែរគ្នា ។

លោក Chatchart Sittipunt អភិបាលក្រុងបាងកកបានចុះមកពិនិត្យមើលបរិវេណតាមផ្លូវរថភ្លើងដោយខ្លួនឯង ហើយលោកបានណែនាំឱ្យមន្ត្រីប្រមូលសំរាមនេះឱ្យឆាប់រហ័ស មុនពេលប្រគល់បរិវេណនេះទៅឱ្យខាងផ្លូវដែក ។ លោកលើកឡើងថា លោកចុះមកតាមដានផ្ទាល់ និងមើលការសម្អាតបរិវេណនេះឱ្យរួចរាល់ ។ វាជាតំបន់ទទួលខុសត្រូវរបស់ស្ថាប័នជាច្រើន ហើយលោកបានជជែកជាមួយពលរដ្ឋរស់នៅទីនេះ ដើម្បីដោះស្រាយបញ្ហាជាមួយពួកគេផងដែរ ។

លោក Chatchart Sittipunt បន្ថែមថា មុននេះ មានពលរដ្ឋធ្វើផ្ទះរស់នៅសងខាងផ្លូវរថភ្លើង ហើយខាងរថភ្លើងបានឱ្យពលរដ្ឋរស់នៅសងខាងផ្លូវនេះរើផ្ទះចេញ ព្រោះត្រូវធ្វើជាតំបន់សាងសង់រថភ្លើងល្បឿនលឿន ។ ពលរដ្ឋក៏បានរើផ្ទះចេញ ប៉ុន្តែពួកគេមិនបានយកកម្ទេចកម្ទីចេញទេ ដូចជា ឈើ ស៊ីម៉ងត៍ និងសីង្កសី ដោយពួកគេគ្រាន់តែគរទុកនៅក្បែរនេះ ទើបវាក្លាយជាគំនរសំរាមតូចៗ ។ ក្រោយមក ពលរដ្ឋរស់នៅតំបន់នេះក៏ចាប់ផ្តើមយកសំរាមមកបោះចោលលើគំនរសំរាមទាំងនេះ ទើបធ្វើឱ្យគំនរសំរាមកាន់តែធំ ។

ហេតុនេះ សំរាមនៅតាមផ្លូវដែក មិនមែនជាសំរាមធម្មតាទេ ប៉ុន្តែវាជាសំរាមកើតឡើងដោយសារការផ្លាស់ទីលំនៅរបស់ពលរដ្ឋ ។ វាជាតំបន់ទីប្រជុំជនចាស់ដែលមានផ្ទះពលរដ្ឋប្រមាណ៤៨ខ្នង ។ បច្ចុប្បន្ន ទីប្រជុំជននេះមានការពិភាក្សាជាមួយស្ថាប័នផ្សេងៗដើម្បីឱ្យពលរដ្ឋមានទីលំនៅបណ្តោះអាសន្ន ហើយផ្នែករថភ្លើងក៏បានជួយដោះស្រាយបញ្ហាផ្ទះស្នាក់នៅរបស់ពលរដ្ឋផងដែរ ៕

ប្រភព ៖ sanook