ប្រទេសឥណ្ឌា ៖ ស្ថានីយទូរទស្សន៍របស់ប្រទេសឥណ្ឌាឈ្មោះ Odisha TV បានបង្ហាញខ្លួនអ្នករាយការណ៍ព័ត៌មាន AI ជាលើកដំបូង ដែលមានឈ្មោះថា «Lisa» ។ ការបង្ហាញខ្លួននេះបានធ្វើឱ្យមនុស្សមួយចំនួនសរសើរ និងខ្លះទៀតរិះគន់ថា អ្នករាយការណ៍ព័ត៌មាន AI ខ្វះខាតជំនាញ និងបទពិសោធន៍ ។

Jagi Mangat Panda ជាសហស្ថាបនិក និងនាយកគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ Odisha បានលើកឡើងថា វាជាភាពជោគជ័យដ៏សំខាន់របស់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ។ គោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យា AI គឺដើម្បីជួយកាត់បន្ថយការងារដដែលៗ ហើយវាក៏ជួយឱ្យបុគ្គលិកមានពេលវេលាផ្តោតលើការងារ ដែលត្រូវប្រើគំនិតក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានគុណភាព ។

ក្រៅពីអ្នករាយការណ៍ព័ត៌មាន AI មានសមត្ថភាពរាយការណ៍ព័ត៌មានបានចំនួន៣ភាសា គឺភាសាអង់គ្លេស ហិណ្ឌូ និងបេងហ្គាល់ វាក៏អាចរាយការណ៍ព័ត៌មានអាកាសធាតុ និងរាយការណ៍ព័ត៌មានបាន៧៥ភាសាទៀត ។ ដូច្នេះ វាមានសមត្ថភាពខ្ពស់ដែលមនុស្សធម្មតាពុំអាចធ្វើបាន ។

ជាមួយគ្នានេះ ក៏មានការជជែកគ្នាអំពីអនាគតនៃប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសដែលមានពលរដ្ឋច្រើនបំផុតលើពិភពលោក ដូចជា ឥណ្ឌា ផងដែរ ដោយសារពលរដ្ឋក្នុងប្រទេសនេះបានទំនាក់ទំនងគ្នារាប់រយភាសា ហើយបច្ចេកវិទ្យា AI បានក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ។ មុននេះ ក្រុមហ៊ុនផ្សព្វផ្សាយ India Today Group ក៏ធ្លាប់បានបង្ហាញអ្នករាយការណ៍ព័ត៌មាន AI ដំបូងគេផងដែរ ឈ្មោះ Sana ក្នុងប្រទេសឥណ្ឌា ។

ចំពោះបច្ចេកវិទ្យានៅពីក្រោយការបង្កើតអ្នករាយការណ៍ព័ត៌មាន AI គឺគេប្រើប្រាស់ Machine Learning ដើម្បីវិភាគទិន្នន័យពីអត្ថបទឱ្យក្លាយជាវីដេអូ ។ អ្នកធ្វើការផ្នែកទូរទស្សន៍យល់ឃើញថា បច្ចេកវិទ្យា AI នឹងក្លាយជាប្រយោជន៍ផ្នែកឧស្សាហកម្ម ពីព្រោះវានឹងជួយសន្សំសំចៃការចំណាយ, កាត់បន្ថយភាពលំបាកក្នុងការធ្វើការជាមួយមនុស្ស ហើយវាអាចរាយការណ៍ព័ត៌មានបានច្រើនភាសា ព្រមទាំងអាចធ្វើការជាមួយព័ត៌មានច្រើនក្នុងរយៈពេលខ្លី ។

មនុស្សមួយចំនួនមិនយល់ស្របនឹងការប្រើបច្ចេកវិទ្យា AI សម្រាប់រាយការណ៍ព័ត៌មានទេ ព្រោះហានិភ័យរបស់បច្ចេកវិទ្យានេះនឹងបំផ្លាញភាពជឿជាក់នៃប្រព័ន្ធផ្សព្វផ្សាយ ។ ពួកគេនិយាយថា មនុស្សយន្តខ្វះជំនាញសង្កេត និងខ្វះបទពិសោធន៍ ដែលខុសពីគ្នាពីអ្នករាយការណ៍ព័ត៌មានជាមនុស្ស ។ ម្យ៉ាងទៀត មនុស្សយន្ត AI គ្មានលក្ខណៈធម្មជាតិ និងមិនទាក់ទាញ ហើយចំណុចនេះ គឺជាមូលហេតុប៉ះពាល់ដល់ភាពជឿជាក់របស់អ្នកទស្សនា ៕Lisa Odisha First AI News Anchor Is Touted To Transform TV Presentation ប្រភព ៖ Thairath Money