ទោះបីជាដឹងថាការបញ្ចេញមតិការពារមេរបស់ខ្លួនត្រូវរងនូវការមិនពេញចិត្តពីមហាជនមួយចំនួនក្តី ប៉ុន្តែតារាចម្រៀង ខេម នៅតែពោលអះអាងពីភាពសប្បុរសរបស់អ្នកឧកញ៉ា ឡេង ណារ៉ាត្រា និងបានពោលថា ផ្ទះមេរបស់ខ្លួនមិនមានឈើមួយចម្រៀកទេ តែអ្នកការពារព្រៃឈើវិញមិនប្រាកដគ្មានឈើក្នុងផ្ទះឡើយ។ ការចេញមុខនិយាយបែបនេះរបស់ ខេម គឺលោកមិនអាចឈរមើលមេរបស់ខ្លួនត្រូវគេព្យាយាមជាន់ឈ្លីឥតល្ហែ។
នេះជាលើកទី២ហើយដែលតារាចម្រៀង ខេម ចេញការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាថៅកែផលិតកម្មដែលលោកជ្រកកោន ក្រោយពីមានរឿងអាស្រូវជាបន្តបន្ទាប់ ក្រោយពីស្ងាត់រឿងមួយរយៈពេលនេះចាប់ផ្តើមផ្ទុះកក្រើកម្តងទៀត។ មិនអាចសម្លឹងមើលមេរបស់ខ្លួនត្រូវគេវាយប្រហារបានតារាចម្រៀង ខេម ដែលឈរជើងលើវិថីសិល្បៈ១៣ឆ្នាំ ចេញមុខនិយាយថា មនុស្សល្អត្រូវគេព្យាយាមជាន់ឈ្លី ទង្វើសប្បុរសត្រូវគេថាធ្វើដើម្បីយកមុខ ចំណែកឯអ្នកការពារព្រៃឈើវិញមិនប្រាកដថាក្នុងផ្ទះគ្មានឈើនោះទេ។
ខេម បានសរសេរបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ ខែកក្កដា ថា «មេអើយមេហេតុអ្វីមនុស្សល្អដូចមេត្រូវបានគេព្យាយាមជាន់ឈ្លីដល់ថ្នាក់នេះពេលពលរដ្ឋមានទុកមេចុះជួយ ការងារសប្បុរសធម៌ជាច្រើនដែលមេបានធ្វើគេចាត់ទុកថាជាការយកមុខមាត់ តើមានយុត្តិធម៌ខ្លះទេសម្រាប់អ្នកជួយពិតប្រាកដ ខ្ញុំចូលផ្ទះមេសូម្បីតែឈើមួយចម្រៀកក៏គ្មានផង ប៉ុន្តែអ្នកការពារព្រៃមិនប្រាកដគ្មានឈើក្នុងផ្ទះនោះទេ ។ អំពើល្អ ភាពស្មោះត្រង់ និងភាពមានទំនួលខុសត្រូវខ្ពស់ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ ពេលវេលានឹងបញ្ជាក់ភាពស្មោះសឱ្យយើងជាក់ជាមិនខាន។ (មានតែខ្លួនឯងទេ អាចដឹងថាខ្លួនឯងស្មោះត្រង់កម្រិតណា)ជូនពរអ្នកឧកញ៉ា និងក្រុមការងារទាំងអស់ទទួលជោគជ័យគ្រប់ភារកិច្ច»។
ការលើកឡើងរបស់ម្ចាស់បទ «បោកខ្ញុំបានចេះតែបោកខ្ញុំទៅ» ខាងលើនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនធំបង្ហាញការមិនពេញចិត្តឡើយដូចកាលគ្រាដំបូងដែលតារាខេម ចេញមកការពារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ។ ទោះបីជាប្រឈមនូវការមិនពេញចិត្តពីសំណាក់មហាជនក្តីតែតារាចម្រៀង ខេម បាននិយាយថានេះគ្រាន់តែជាការបញ្ចេញមតិរបស់លោកដើម្បីឱ្យបងប្អូនមើលឱ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុណ្ណោះ៕










