ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមក ប៉ូលិសបង្ក្រាបគ្រឿងញៀនប្រចាំខេត្តបុរីរាំ សហការជាមួយកងកម្លាំងយោធាបានចាប់ខ្លួនព្រះសង្ឃ១អង្គឈ្មោះ ណាត់ថាវុធ អាយុ២៦ឆ្នាំ គង់នៅវត្តក្នុងស្រុកឡាំផ្លាយម៉ាស ខេត្តបុរីរាំ និងលោក សមប៊ូន (ហៅឡិក) អាយុ៣៦ឆ្នាំ ព្រមទាំងថ្នាំញៀនចំនួន២.៣៨៩គ្រាប់ ប្រគល់ឱ្យមន្ត្រីស៊ើបអង្កេតនៅស្ថានីយប៉ូលិសស្រុកបុរីរាំ ដើម្បីចាត់ការតាមច្បាប់ ។
ព្រះសង្ឃឈ្មោះ ណាត់ថាវុធ សារភាពថា ខ្លួនទើបបានបួសជាព្រះសង្ឃត្រឹម៣ថ្ងៃប៉ុណ្ណោះ ហើយបានលាក់ថ្នាំញៀនជាង២ពាន់គ្រាប់នៅក្នុងកុដិ ។ ព្រះអង្គបានលក់ និងជក់ថ្នាំញៀនមុនពេលមកបួសជាព្រះសង្ឃទៅទៀត ហើយនៅមុនថ្ងៃហែរនាគ និងមុនពេលប៉ូលិសចាប់ខ្លួន ព្រះអង្គក៏បានជក់ថ្នាំញៀនដែរ ។ ព្រះអង្គតាំងចិត្តថា នឹងជក់វាឱ្យអស់រហូតដល់ថ្ងៃចូលវស្សា ព្រះអង្គនឹងឈប់ជក់ហើយ ។
តាមការត្រួតពិនិត្យក្នុងកុដិ ប៉ូលិសបានប្រទះឃើញឧបករណ៍ប្រើប្រាស់មួយចំនួន និងថ្នាំញៀន១គ្រាប់ដែលព្រះសង្ឃទើបជក់រួច ។ ប៉ូលិសបានដកហូតថ្នាំញៀនដែលលាក់ទុកក្នុងទូរសៀវភៅ បន្ទាប់មក ក៏បាននាំខ្លួនព្រះសង្ឃរូបនេះមកប្រគល់ឱ្យចៅអធិការវត្តធ្វើការផ្សឹក ។ ព្រះសង្ឃទទួលស្គាល់ថា នៅមានថ្នាំញៀនមួយចំនួនទៀតដែលលោក សមប៊ូន ឱ្យព្រះអង្គទៅយកពីទ្រង់មាន់ក្នុងផ្ទះរបស់ខ្លួន ដោយលោក សមប៊ូន ប្រាប់ថា ត្រូវយកថ្នាំញៀនទាំងនេះមកទុកក្នុងវត្ត ព្រោះវត្តមានសុវត្ថិភាពជាងនៅផ្ទះ ។
ព្រះសង្ឃ ណាត់ថាវុធ សារភាពថា ខ្លួនបានជក់ថ្នាំញៀន និងជិតស្និទ្ធជាមួយលោក សមប៊ូន យូរមកហើយ ។ មុនពេលបួសជាព្រះសង្ឃ ខ្លួនជាអ្នកចិញ្ចឹមមាន់ជល់ឱ្យលោក សមប៊ូន ហើយខ្លួនទើបបួសបាន៣ថ្ងៃប៉ុណ្ណោះ ។ ចំណែកថ្នាំញៀនដែលខ្លួនជក់នេះ គឺលោក សមប៊ូន បានយកមកឱ្យសម្រាប់ជាថ្លៃឈ្នួលចិញ្ចឹមមាន់ ។ ព្រះសង្ឃបន្តថា នៅថ្ងៃបួស ឬថ្ងៃហែរនាគ ខ្លួនបានជក់ថ្នាំញៀន ហើយពេលបួសរួច ក៏ខ្លួនជក់ដែរ ។
ព្រះសង្ឃបន្តថា នៅថ្ងៃប៉ូលិសចុះមកចាប់ ខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់៤គ្រាប់ គឺប្រើនៅពេលព្រឹក, ពេលរសៀល និងក្បាលព្រលប់ ។ ព្រះសង្ឃចង់ប្រើប្រាស់ថ្នាំញៀនដែលនៅសេសសល់ឱ្យវាឆាប់អស់ ព្រោះបានតាំងចិត្តរួចហើយថា នឹងឈប់ប្រព្រឹត្តទៀតហើយនៅថ្ងៃចូលវស្សា ប៉ុន្តែបែរជាត្រូវប៉ូលិសចាប់ខ្លួនមុន ៕
ប្រភព ៖ Thairath tv










