ទង់ជាតិ គឺជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើន ដែលអាចសម្គាល់បាននូវអត្តសញ្ញាណរបស់ប្រទេសមួយ។
ជាធម្មតា មនុស្សអាចដឹងថាទង់ជាតិមួយណាជាកម្មសិទ្ធិរបស់ប្រទេសណាបាន លុះត្រាតែ ប្រទេសនោះជាប្រទេសដែលលេចធ្លោនៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ឬក៏ជាប្រទេសមហាអំណាច ឬក៏ប្រទេសនោះមានវប្បធម៌ និងកន្លែងទេសចរណ៍កម្សាន្តគួរឱ្យទាក់ទាញជាដើម។
ក៏ប៉ុន្តែ បច្ចុប្បន្ន ក៏នៅមានការភាន់ច្រឡំមួយចំនួនផងដែរ រវាងទង់ជាតិប្រទេសមួយចំនួន ជាក់ស្តែងគឺប្រទេសឆាដ(Chad) និង រ៉ូម៉ានី (Romania)។
នៅលើលោកនេះ គ្មានទង់ជាតិណាមួយ មានភាពស្រដៀគ្នាខ្លាំងដូចទង់ជាតិប្រទេសទាំងពីរនេះនោះទេ។ ការរចនា និងទំហំរបស់ទង់ជាតិ ស្ទើរតែដូចគ្នាបេះបិទ សូម្បីតែឆ្នូតបញ្ឈរពណ៌ខៀវ លឿង និងក្រហមនៅលើទង់ជាតិក៏ដោយ។
ទង់ជាតិរ៉ូម៉ានី មានតាំងពីឆ្នាំ១៨៦១ ដោយឡែកទង់ជាតិនៃប្រទេសឆាដ ត្រូវបានប្រាក់ប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបារាំង។
កាលដើមឡើយទង់ជាតិរ៉ូម៉ានី ក៏ធ្លាប់ផ្លាស់ប្តូរម្តងដែរ ដោយបានបន្ថែមរូបភ្នំនៅចំកណ្តាល ដើម្បីកុំឱ្យច្រឡំជាមួយទង់ជាតិប្រទេសឆាដ តែដោយសារតែរូបទង់ជាតិចាស់របស់ប្រទេសរ៉ូម៉ានី ត្រូវបានគេទទួលស្គាល់នៅលើឆាកអន្តរជាតិរួចហើយនោះ ពួកគេក៏សម្រេចចិត្តប្រើប្រាស់ទង់ជាតិចាស់ដែលគ្មានរូបភ្នំវិញ។![]()
ម៉្យាងវិញទៀត រ៉ូម៉ានី បានអះអាងថា៖” តាមប្រវត្តិសាស្ត្រពួកគេជាអ្នកដាក់ឱ្យប្រើប្រាស់រូបទង់ជាតិនេះមុន ហេតុដូច្នេះ អ្នកដែលគួរតែប្តូរគួរណាស់តែប្រទេសឆាដ”។
មកទល់នឹងបច្ចុប្បន្ននេះ ប្រទេសទាំងពីរនេះ ហាក់មិនមានការឈ្លោះប្រកែកអំពីទង់ជាតិនេះនោះទេ ដោយហេតុថាប្រទេសទាំងពីរគ្មានប្រវត្តិសាស្ត្រធ្លាប់មានសង្គ្រាមជាមួយគ្នា និងមិនមែនជាប្រទេសស្ថិតនៅក្នុងទ្វីបជាមួយគ្នាទៀត ដោយឆាដ នៅទ្វីអាហ្វ្រិក ខណៈរ៉ូម៉ានី នៅទ្វីបអឺរ៉ុប៕

ប្រភព៖ Britannica










